ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចេញដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូ នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និង កិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” នៅថ្ងៃទី២៤-២៧ ខែ កក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្តល់ឱកាសដើម្បី ពិភាក្សាការងារកសាងសហគមន៍អាស៊ាន រួមទាំងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការអាស៊ានបន្ថែមទៀត ដើម្បីសម្រេចបាននូវតំបន់មួយដែលកាន់តែមាន ភាពតភ្ជាប់ និងភាពធន់ជាងមុន សម្រាប់វិបុលភាពរួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំដាច់ដោយឡែកក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការមេគង្គ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន សាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក។

ក្នុងឱកាសស្នាក់នៅទីក្រុងវៀងចន្ទន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមជាមួយរដ្ឋមន្ត្រីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏រំពឹងថានឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីបរទេសមួយចំនួន ដើម្បីពិភាក្សាពីកិច្ចសហ ប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner