អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីបែបបទ និងនីតិវិធី នៃការធ្វើសវនកម្មពន្ធដារ និងការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធី នៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ និង សៀវភៅណែនាំស្តីពី ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា ដោយមានអ្នកចូលរួមផ្ទាល់ជាង ៨៥០នាក់ និងតាមប្រព័ន្ធអនឡាញ ប្រមាណជាង ៥០០នាក់ ។

ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា ជាគោលការណ៍ចម្បង អគ្គនាយកដ្ឋានពន្ធដារ បាននិងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងសម្រួលពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
ជាពិសេស គោលនយោបាយពន្ធដារ បានសម្រួល និងលើកកម្ពស់បន្ថែមទៀត នូវបរិយាកាសធុរកិច្ចជូនដល់វិនិយោគិនក្នុងស្រុក សំដៅសម្រួលដល់ការវិនិយោគ និងការប្រកបអាជីវកម្មឱ្យកាន់តែមានភាពងាយស្រួល និងទទួលបានប្រាក់ចំណេញ និងឈានទៅបន្តទាក់ទាញបន្ថែមទៀត នូវវិនិយោគិនបរទេសឱ្យចូលមកប្រទេសកម្ពុជា ។ មួយវិញទៀត អនុលោមទៅតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលផ្តោតលើការកែទម្រង់និងការពង្រឹងអភិបាលកិច្ចល្អ និងដើម្បីចូលរួមពង្រឹងអភិបាលកិច្ចសាជីវកម្មរបស់វិស័យឯកជន ព្រមទាំងបន្តពង្រឹងសមត្ថភាពការងារគ្រប់គ្រង និងប្រមូលចំណូលពន្ធ ។

ឯកឧត្តមអគ្គនាយកពន្ធដារ បានបន្តថា ការរៀបចំនូវសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ (SOP on Auditing) និងគឺជាការបើកទំព័រថ្មីមួយ នៃការពង្រឹងអភិបាលកិច្ចល្អ របស់អគ្គនាយកដ្ឋានពន្ធដារ ពោល គឺការកែទម្រង់ផ្នែកសារពើពន្ធដ៏មុតស្រួច គឺអនុលោមតាមគោលការណ៍ នៃការពង្រឹងអភិបាលកិច្ច ។

សៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ (SOP on Auditing) និងសៀវភៅណែនាំស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ (SOP on Investigation) គឺជាឯកសារដ៏សំខាន់ និងជាជំនួយសម្រាប់អ្នកជាប់ពន្ធក្នុងការធ្វើអាជីវកម្ម និងបំពេញកាតព្វកិច្ចសារពើពន្ធ។ សមិទ្ធផលនេះ គឺជាសមិទ្ធផល បន្ថែមលើ SOP ចំនួន ៤៤ ដែលអគ្គនាយកដ្ឋានពន្ធដារ បានចងក្រងរៀបចំក្នុងការប្រតិបត្តិការងារ ហើយបាននិងកំពុងបន្តធ្វើបច្ចុប្បន្នភាព ។

ឯកឧត្តមអគ្គនាយកពន្ធដារ បានបន្តថា សិក្ខាសាលានៅពេលនេះ ផ្តោតលើប្រធានបទសំខាន់ៗ ៣ រួមមាន៖ បទបង្ហាញទី១. អំពីសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ (SOP on Auditing) ដោយលើកឡើងអំពីមុខងារសវនកម្មពន្ធដារ, បែបបទ នីតិវិធី និងរំហូរការងារ, សិទ្ធិ អំណាច និងកាតព្វកិច្ចរបស់រដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធ និងតំណាងអ្នកជាប់ពន្ធ, ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈរបស់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ, យន្តការ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងយន្តការរាយការណ៍ និងប្តឹង។ បទបង្ហាញទី២. ការប្រៀបធៀបសវនកម្មពន្ធដាររបស់កម្ពុជាទៅនឹងបរិបទ និងឧត្តមានុវត្តន៍ក្នុងតំបន់ និងអន្តរជាតិ ដោយលើកទឹកចិត្តឱ្យសហគ្រាសទាំងឡាយពង្រឹងការកាន់បញ្ជីកាគណនេយ្យ និងឈានទៅទទួលបានអនុលោមភាពកម្រិតមាស ដើម្បីឆ្លុះបញ្ចាំងអំពីការចូលរួមពង្រឹងអនុលោមភាពសារពើពន្ធ ។ បទបង្ហាញទី៣. អំពីសៀវភៅណែនាំស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដោយលើកឡើងអំពីទិដ្ឋភាពទាំងស្រុងនៃមុខងារស៊ើបអង្កេតបទល្មើសនេះ ព្រមទាំងបែបបទនិងនីតិវិធីនៃការអនុវត្តមុខងារនេះ ហើយខ្លឹមសារនៃបទបង្ហាញបានរំលេចអំពីវិសាលភាព បែបបទនិងនីតិវិធី ទណ្ឌកម្ម, សិទ្ធិ អំណាច និងកាតព្វកិច្ច សមត្ថកិច្ច និងនីតិសម្បទារបស់រដ្ឋបាល សារពើពន្ធ, សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ, ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈ របស់មន្ត្រីពន្ធដារនិងអ្នកជាប់ ពន្ធ, យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងយន្តការរាយការណ៍ និងប្តឹង។

ឯកឧត្តម គង់ វិបុល ក៏បានទទួលយកនូវការស្នើសុំនានា ពីវិស័យឯកជន ពាក់ព័ន្ធនឹងពន្ធដារ មកពិចារណា ជាពិសេស ការស្នើសុំពាក់ព័ន្ធនឹងការជំរុញ និងធ្វើឱ្យប្រសើរឡើងសម្រាប់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាបផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner