តុលាការប្រកាសសាលក្រមពិន័យលោក ទាវ វណ្ណុល ចំនួន១០លានរៀល និងសងជំងឺចិត្តទៅដើមបណ្តឹងចំនួន៦០០០លានរៀល

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមពិន័យលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ចំនួន១០លានរៀល និងសងជំងឺចិត្តទៅដើមបណ្តឹងចំនួន ៦០០០លានរៀល។ ប្រភពច្បាស់ការណ៍បានឱ្យដឹងថា លោក ទាវ វណ្ណុល បានគេចខ្លួនចេញទៅក្រៅប្រទេសបាត់ហើយ មុនពេលប្រកាសសាលក្រម។

សូមជម្រាបថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ទាវ វណ្ណល ប្រធានគណបក្សភ្លើងទៀន ត្រូវបានសារព័ត៌មាន Nikkei Asia របស់ជប៉ុនដកស្រង់សម្តីមកផ្សាយ និងផ្សាយបន្តដោយវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា ដោយខ្លឹមសារនៃបទសម្ភាសន៍នោះមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត។

តាមរយៈការដកស្រង់សម្តីរបស់សារព័ត៌មានទាំងពីរ លោក ទាវ វណ្ណល បានអះអាងថា រាជរដ្ឋាភិបាលបានដាក់កាមេរ៉ានៅមុខផ្ទះរបស់លោកដើម្បីឃ្លាំមើលសកម្មភាព២៤ម៉ោង។ លោក ទាវ វណ្ណល ក៏បាននិយាយទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹង ប្រជាធិបតេយ្យដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពលរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។

គួររម្លឹកឱ្យដឹងថា មេធាវី រដ្ឋាភិបាល បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយចោទលោក ទាវ វណ្ណុល បានផ្តល់បទសម្ពាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំង អន្តរជាតិ RFI ថា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

ទាក់ទងករណីនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធទាំងស្រុងចំពោះការអះអាងរបស់ លោក ទាវ វណ្ណល និង សូមបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិជ្រាបដូចខាងក្រោម៖
ទី១៖ គ្មានការដាក់កាមេរ៉ាដើម្បីឃ្លាំមើលសកម្មភាពរបស់ លោក ទាវ វណ្ណល ដូចការអះអាងមួលបង្កាច់ របស់គាត់ឡើយ។ កាមេរ៉ានានាដែលត្រូវបានបំពាក់នៅតាមទីសាធារណៈទូទាំងប្រទេស ក៏ដូចជានៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញគឺ ក្រោមមូលហេតុសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ជូនប្រជាពលរដ្ឋ ទូទៅតែប៉ុណ្ណោះ ហើយក៏គ្មានគោលការណ៍ដាក់កាមេរ៉ាដោយឡែកដើម្បីឃ្លាំមើលសកម្មភាពរបស់បុគ្គលណាមួយនោះឡើយ។
ទី២៖ ការអនុវត្តច្បាប់ត្រូវបានធ្វើឡើងចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តល្មើសច្បាប់ដោយគ្មាន ការបែងចែកថា អ្នកនោះមានឋានៈ តួនាទីអ្វី ឬជាអ្នកនយោបាយនោះឡើយ។ នៅកម្ពុជាគ្មានទេអ្នកទោសនយោបាយ គឺមានតែអ្នកនយោបាយដែលប្រព្រឹត្តខុសច្បាប់ហើយត្រូវបានច្បាប់ផ្តន្ទាទោស។
ទី៣៖ ការអនុវត្តច្បាប់គឺជាការងារសំខាន់ចាំបាច់ដើម្បីពង្រឹងនីតិរដ្ឋ។ នៅគ្រប់ប្រទេសទាំងអស់ ជាពិសេស ក្នុងបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿន ការពង្រឹងនីតិរដ្ឋគឺជារឿងមិនអាចខ្វះបានដើម្បីឱ្យប្រជាធិបតេយ្យ ដំណើរការនិងរីកលូតលាស់ទៅមុខ។ គ្មានការគោរពច្បាប់ គ្មានប្រជាធិបតេយ្យ តែវាជាប្រភពនៃភាពអនាធិបតេយ្យ ទៅវិញទេ ពោលគឺប្រជាធិបតេនិងសិទ្ធិសេរីភាពរបស់បុគ្គលត្រូវតែស្ថិតនៅក្រោមច្បាប់។
ទី៤៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការ បញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភបំពាននាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀម ទម្លាប់ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មានត្រូវរៀបចំ ឡើងដោយច្បាប់។
ទី៥៖ នៅកម្ពុជា ការបញ្ចេញមតិដែលស្ថិតនៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញដូចបានលើកឡើងខាងដើម និង ការរិះគន់ដោយស្ថាបនា ត្រូវបានគោរពនិងធានាយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែ ការបញ្ចេញមតិដោយរំលោភបំពានលើអ្នកដទៃ ដែលត្រូវបានហាមដោយរដ្ឋធម្មនុញ្ញ គឺជាអំពើខុសច្បាប់ ហើយការអនុវត្តច្បាប់មិនត្រូវបានបកស្រាយថា ជាការ បំបិទសិទ្ធិបញ្ចេញមតិ ឬការធ្វើទុក្ខបុកម្នេញឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល យល់ឃើញថា ការលើកឡើងរបស់ លោក ទាវ វណ្ណល ពិតជាមានចេតនាអាក្រក់ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតចូលមកដល់ ហើយនេះគឺជាការសម្តែងរបស់ លោក ទាវ វណ្ណល ដើម្បីទាក់ទាញការអាណិតអាសូរពីសាធារណមតិប៉ុណ្ណោះ។ នេះគឺជាភស្តុតាងមួយ ដែលបញ្ជាក់ពីការបញ្ចេញមតិដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែល ច្បាប់រដ្ឋធម្មនុញ្ញបានហាមឃាត់។

ជាថ្មីម្តងទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិជ្រាបថា រាជរដ្ឋា ភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តការងារពីរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការដាក់ចេញគោល នយោបាយនិងយុទ្ធសាស្ត្រនានាដើម្បីពង្រឹងនីតិរដ្ឋនិងប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ នេះគឺជាគោលជំហរដ៏ម៉ឺងម៉ាត់ និងឥតងាករេរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ពលជ័យ

ads banner