រដ្ឋមន្រ្តីក្រសួងបរិស្ថាន កោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីមន្ទីរបរិស្ថាន រាជធានី ខេត្ត ដែលប្រកាន់ខ្ជាប់នូវភាពស្អាត ភាពបៃតង និងចីរភាព
ខេត្តពោធិ៍សាត់៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនិងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានកោតសរសើរថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថាននៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ដែលបានប្រឹងប្រែងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលប្រកាន់ខ្ជាប់នូវសសរស្តមបី គឺភាពស្អាត ភាពបៃតង និងចីរភាព។
ជាមួយនឹងភាពស្អាត ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់មន្រ្តីក្រសួងបរិស្ថាន និងប្រជាពលរដ្ឋ ត្រូវចេះ រៀបចំតុបតែងផ្ទះឱ្យបានស្អាតគ្មានសំរាម នោះយើងនិងទទួលបាននូវសុភមង្គលក្នុងគ្រួសារ និងទទួលបានការកោតសរសើរពីអ្នកជិតខាង មានទាំងភ្ញៀវមកលេង និងបានពរជ័រពីទេវតាទៀត។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ទម្លាប់ស្អាត បានមកពីការអនុវត្តស្អាត ដែលកើតចេញពីចិត្តស្អាតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងផងដែរថា យើងខោតខំសម្រេចការងារម្តង ១ជំហាន ម្តង១ជំហាន មិនត្រឹមតែមិនលំបាកនឿយហត់ខ្លាំងទេ តែយើងនឹងប្រមូលបានផលជាបន្តបន្ទាប់ ដែលជាកម្លាំងចិត្តជំរុញទៅភាពជោគជ័យរបស់ក្រុមគ្រួសារបរិស្ថានយើង ៕
ដោយ ៖ ង៉ាន់ ទិត្យ