ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ក្រសួងកសិកម្ម ចេញញត្តិគាំទ្រ សម្ដេចតេជោ ហ៊ុន សែន លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញញត្តិគាំទ្រ ចំពោះសារពិសេសរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
តាមរយៈញត្តិនេះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម បានបញ្ជាក់ថា៖យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
ក្នុងញត្តិដដែលនេះបានបញ្ជាក់ថាគម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នា ទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ នៅក្រោមគម្រោងកិច្ចសហប្រតិបត្តិការនេះ ប្រទេសកម្ពុជា-ឡាវ-វៀតណាម បានសហការគ្នាយ៉ាង ជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា ឧក្រិដ្ឋកម្ម ឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និង ការជួញដូរគ្រឿងញៀន។
លើសពីនេះទៅទៀត ការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍បានជំរុញ សមាហរណកម្មសេដ្ឋកិច្ចនិងការតភ្ជាប់ ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ តាមចក្ខុវិស័យ “ប្រទេសបីគោលដៅទេសចរណ៍តែមួយ” ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយ ភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេស។ ជាមួយគ្នានេះដែរ គម្រោងនេះក៏បានរួមចំណែកលើកស្ទួយវិស័យកសិកម្ម តាមរយៈកិច្ចសហប្រតិបត្តិការលើអនុវិស័យកៅស៊ូ អនុវិស័យផលិតកម្មនិងបសុព្យាបាល អនុវិស័យកសិ-ឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មលើអនុវិស័យដំណាំ។ ទាំងនេះជាភស្តុតាងយ៉ាងប្រត្យក្សបញ្ជាក់ថាតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺជាប្រភពនៃសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសទាំងបី ជាពិសេសខេត្តជាប់ព្រំដែន។
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្មបានបញ្ជាក់តាមរយៈញត្តិនេះដែរថា៖”យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមប្រកាសថ្កោលទោស ព្រមទាំងប្រឆាំងដាច់អហង្ការចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍ ជាពិសេសចំណងសាមគ្គីភាពនិងស្ថិរភាពរវាង កម្ពុជា-ឡាវ-វៀតណាម ដែលមានព្រំដែនជាប់គ្នា និងបានឆ្លងកាត់ដំណើរប្រវត្តិសាស្ត្ររួមគ្នាជាច្រើនជំនាន់។
យើងខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមបន្ត ចូលរួមនិងគាំទ្រដល់ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដើម្បី ឧត្តមប្រយោជន៍ជាតិមាតុភូមិ ប្រជាជននៃប្រទេសទាំងបី និងតំបន់ទាំងមូល”៕

ដោយ៖ម៉ាដេប៉ូ