ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប រីករាយចំពោះវឌ្ឍនភាពគម្រោងស្តារប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបាត់ដំបង
បាត់ដំបងៈគណៈប្រតិភូ នៃ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងប្រតិភូសហភាពអឺរ៉ុប(EU)តាមរយៈ ការពិនិត្យជាក់ស្តែងនិងជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាកសិករនៅតាមសហគមន៍នានា គណៈប្រតិភូជាម្ចាស់ហិរញ្ញប្បទានបានចាត់ទុកការដ្ឋាននេះថា បានឆ្លើយតប និងស្របតាមទស្សនវិស័យ”បង្កើតដោយសហគមន៍ ធ្វើការជាមួយសហគមន៍ និងដើម្បីសហគមន៍”។

ដោយចំណាយពេលពីរថ្ងៃចាប់ពីថ្ងៃទី២៤និង២៥ ខែកក្កដាឆ្នាំ២០២៤នេះឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មន្ត្រីបច្ចេកទេសក្រសួង មន្ត្រីជំនាញ ក្នុងខេត្ត បានអមគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុបអញ្ជើញពិនិត្យមើលពីវឌ្ឍនភាពនៃគម្រោងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រនិងគម្រោងជួសជុលខូចខាតដោយទឹកជំនន់ ឆ្នាំ២០២០ ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍនិងសហភាពអឺរ៉ុប។

ប្រតិភូរួមមាន ឯកឧត្តម ហ្សាក់កេ ប៉ែលឡេត(Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង,លោក ហ្សង់ព្យែរ ម៉ាសែលលី(Jean-Pierre MARCELLI) នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ាន,លោកស្រី ដានឌ្រីន ប៊ូសេ (Dandrine BOUCHER)នាយក AFD ប្រចាំកម្ពុជា,លោកស្រី សាននី សារ៉េ(Janny Scharrer )នាយកស្ថានតំណាងKFWប្រចាំនៅកម្ពុជា,លោក ប្រ៊ីយ៉ាន ហ្វតណេរី(Bryan FOR)NARI ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប(EU)ប្រចាំនៅកម្ពុជា ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។

នៅថ្ងៃទីមួយ គណៈប្រតិភូអញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រឃុំរាំងកេសី និង ឃុំកំពង់ព្រៀង ស្រុកសង្កែ។នៅថ្ងៃបន្ទាប់ចុះពិនិត្យវឌ្ឍនភាពអនុគម្រោងអាងទឹកភាស ស្ថិតក្នុងស្រុកឯកភ្នំ និង ស្រុកថ្មគោល និងអនុគម្រោងជួសជុលសំណង់តាហែននិងប្រឡាយនាងលាក់ ក្នុងឃុំក្ដុលតាហែន ស្រុកបវេល នៃគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ។គ្រប់ទីកន្លែង ប្រតិភូបានក្រៅពីបានពិនិត្យជាក់ស្តែងក៏បានជួបសន្ទនាផ្ទាល់ជាមួយប្រជាពលរដ្ឋនៃសហគមន៍នីមួយៗ។គណៈប្រតិភូបានបង្ហាញនូវការពេញចិត្តចំពោះរដ្ឋមន្រ្តីក្រសួងធនធានទឹកដែលរៀបចំទស្សនកិច្ចដល់ការដ្ឋាននិងសម្ដែងនូវក្ដីសប្បាយរីករាយដោយបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃគម្រោងស្តារប្រព័ន្ធធារាសាស្ត្រនិងគម្រោងជួសជុលការខូចខាតដោយទឹកជំនន់ ឆ្នាំ២០២០។

ឯកឧត្តម ហោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បានបញ្ជាក់ជូនប្រតិភូថា គម្រោងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រពាក់ព័ន្ធខាងលើនេះ គឺជាផ្នែកមួយ នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហានទី១ ។ក្នុងនោះខេត្តបាត់ដំបងមានគម្រោងចំនួនពីរដែលត្រូវអនុវត្ត។ទី១.គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហតនិងទី២.គម្រោងជួសជុលការខូចខាតដោយទឹកជំនន់ឆ្នាំ២០២០។

ឯកឧត្តមបន្តថា គម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ មានអនុគម្រោងចំនួន៩ដែលត្រូវអនុវត្តដូចជាអនុគម្រោងអាងទឹកភាស, អនុគម្រោងប្រព័ន្ធកង្ហត, អនុគម្រោងជួសជុលទំនប់សណ្ដកំពីងពួយ, អនុគម្រោងជួសជុលសំណង់តាហែន និង ប្រឡាយនាងលាក់ និង អនុគម្រោងជួសជុលប្រឡាយមេ(លេខ១, លេខ២, លេខ៣, លេខ៤និងលេខ៥)។

គួរបញ្ជាក់ថា កម្មវិធីការគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM)ជំហានទី១ ទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍនិងសហភាពអឺរ៉ុបដែលចាប់អនុវត្ត ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ដោយបានជ្រើសរើសខេត្តចំនួន៥ រួមមាន៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តកណ្តាល។មានក្រសួងចំនួនពីរដែលអនុវត្តគម្រោងខាងលើ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕
អត្ថបទនិងរូបភាព៖ អ៊ុក សំអាន បប

