ក្រសួងមហាផ្ទៃកំពុងតែពិនិត្យមើលរបាយការណ៍របស់អង្គការ សង់ត្រាល់ អំពីព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ AMS ថា នាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃកំពុងតែពិនិត្យមើលរបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) អំពីព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួងមហាផ្ទៃ ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យ និងសម្រេច។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍នារសៀលថ្ងៃទី២៥ ខែកក្កដា នេះថា ពាក់ព័ន្ធនឹងរបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) គឺបានដាក់មកក្រសួងមហាផ្ទៃរួចហើយ ដោយរបាយការណ៍នេះ ស្ថិតនៅក្នុងដៃរបស់ជំនាញកំពុងតែធ្វើការពិនិត្យ និងធ្វើនីតិវិធីបន្តដើម្បីគោរពជូនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជ្រាប នឹងមានអនុសាសន៍ដឹកនាំបន្ត។


ចំណែលោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានបញ្ជាក់ថា លោកបានដាក់របាយការណ៍ទៅក្រសួងមហាផ្ទៃរួចរាល់ហើយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើលិខិតជម្រាបទៅលោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សកម្ពុជា ស្តីពីការអនុវត្តសកម្មភាពនិងការចេញរបាយការណ៍របស់អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សកម្ពុជា។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានជម្រាបជូនលោក មឿន តុលា ថា ក្រសួងមហាផ្ទៃបានទទួលនូវពាក្យបណ្ដឹង និងសេចក្តីថ្លែងការណ៍របស់បណ្តាសហជីពសម្ព័ន្ធសហជីព សហព័ន្ធសហជីព និងសមាគមជាច្រើន ពាក់ព័ន្ធនឹងការធ្វើសកម្មភាព និងការចេញរបាយការណ៍របស់អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារនិងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់) ដែលមានចំណងជើងថា «ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាព សហជីពនៅកម្ពុជា» ដែលត្រូវបានរិះគន់ថា មានលក្ខណៈលម្អៀង ពុំយុត្តិធម៌ យកមតិភាគតិចមកវាយតម្លៃ ស្ថានភាពទាំងមូល ដោយពុំបានឆ្លុះបញ្ចាំងពីការពិតនៃស្ថានភាពសេរីភាពសហជីពនៅកម្ពុជាធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសជាតិ និងជះឥទ្ធិពលមិនល្អដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅក្នុងប្រទេសកម្ពុជាទាំងមូល។ ក្នុងន័យនេះ អនុវត្តតាមស្មារតីនៃមាត្រា៣០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃសូមក្រើនរំលឹកចំពោះអង្គការសង់ត្រាល់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់អង្គការ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនេះ អង្គការលោកត្រូវផ្តល់ព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួងមហាផ្ទៃក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះជាកំណត់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្នុងករណីអង្គការសង់ត្រាល់ មិនបានបំពេញកាតព្វកិច្ចតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវរងវិធានការតាមផ្លូវច្បាប់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕
ដោយ៖ពលជ័យ

ads banner