ប្តីស្លាប់ ប្រពន្ធដេកពេទ្យ បន្ទាប់ពីបរិភោគសម្លផ្សិតជាមួយសាច់គីង្គក់
រតនគិរី៖ បុរសជាប្តីបានគ្រោះថ្នាក់ដល់ជីវិតខណៈបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តរតនៈគិរីនិងស្រ្តីជាប្រពន្ធទទួលការសង្រ្គោះ
ពីក្រុមគ្រូពេទ្យ ។ករណីនេះកើតឡើងបន្ទាប់ពីពួកគេបរិភោគសម្លផ្សិតដែលដកពីព្រៃលាយជាមួយសាច់សត្វគីង្គក់។គ្រូពេទ្យដាក់
ការសង្ស័យថាជាករណីពុលម្ហូប។
របាយការណ៍បឋមរបស់ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តរតនគិរីកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤បានរៀបរាប់ថា នៅម៉ោងប្រមាណ២៣:៣០យប់ថ្ងៃទី២៣ ខែកក្កដានៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវ៉ើនសៃ មានករណីសង្ស័យពុលផ្សិតបណ្ដាលឱ្យបុរសជាប្តីស្លាប់។ចំណែកប្រពន្ធត្រូវបានគ្រូពេទ្យជួយសង្រ្គោះ បន្ទាប់ពីបរិភោគស្ងោរផ្សិតជាមួយសត្វគីង្គក់នានវេលាម៉ោងប្រហែល៦ល្ងាច។បន្ទាប់មកប្រហែលម៉ោង៨យប់ ក៏មានអាការៈ ឈឺពោះ វិលលមុខ ឈឺក្បាល ក្អួត ចុកពោះ រហូតដល់ម៉ោងប្រហែល២៣:៣០យប់បានមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពវីរៈជ័យ ស្រុកវ៉ើនសៃ ។ ដោយស្ថានភាពធ្ងន់ធ្ងរក៏បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។ប្តីក៏បានបាត់បង់ជីវិតនៅវេលាម៉ោង០៣:៣៤ទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែកក្កដា។ ជនរងគ្រោះជាប្តីឈ្មោះ ប្រង កេះ អាយុ៣០ឆ្នាំ ។
ក្រោយមរណភាពមន្ទីរសុខាភិបាល ដឹកនាំដោយលោក ជា និត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីរួមជាមួយមន្រ្តីនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរកែវ មណ្ឌលសុខភាពវ៉ើនសៃ បានចុះអង្កេតសា្រវជ្រាវករណីនេះដល់ភូមិកើតហេតុ ដើម្បីសាកសួរព័ត៌មានបន្ថែម និងធ្វើការអប់សុខភាពបឋមដល់ប្រជាជននៅទីនោះ។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែកក្កដា កន្លងមកប្រជាពលរដ្ឋ នៅភូមិប៉ក់ប៉ូ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវចំនួន១៧នាក់បានពុលផ្សិតម្យ៉ាងបន្ទាប់ពីពួកគេយកមកធ្វើម្ហូប តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតទេបន្ទាប់ពីដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ និងមន្ទីរពេទ្យបង្អែកខេត្តទាន់ពេលវេលា។បន្ទាប់មកនៅថ្ងៃទី២៣ ខែកក្កដា ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីបង្ការបញ្ហាសុខភាពបណ្តាលមកពីបរិភោគផ្សិតពុល ៕
ដោយ៖ គតិ យុត្ត