អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា រួមគ្នាអប់រំផ្សព្វផ្សាយបញ្ហាគ្រឿងញៀន

(ភ្នំពេញ)៖ កម្ពុជាបានយកគោលនយោបាយ នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនមកអនុវត្តគឺការងារផ្សព្វផ្សាយអប់រំ ជាទិសដៅអាទិភាព ដែលក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រាគ្រុប បានចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំស្តីពីគ្រឿងញៀន ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ស្តីពីកិច្ចសហការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារ ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋានគារ ហៃយ៉ាត ក្នុងរាជធានីភ្នំពេញ ។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា៖គិតមកដល់ពេលនេះមនុស្សប្រមាណ ៦លាននាក់បានទទួលសារនៃការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ។ ក្នុងនេះរាប់ទាំងតួនាទីរបស់ក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា ដែលបានចូលរួមផលិតស្បតទាក់ទងនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនផង ។ ក្រៅពីគ្រឿងញៀនក៏មានសារធាតុផ្សំគ្រឿងញៀនរាប់រយតោនទៀតត្រូវចាប់និងកំទេចចោលដូចគ្នា ។ កាលពីមុនប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសដែលឆ្លងកាត់គ្រឿងញៀន ពុំមែនប្រទេសផលិត ហើយក៏ពុំមែនជាប្រទេសប្រើប្រាស់ច្រើនដែរ ។ ការយល់ដឹងពីគ្រឿងញៀននៅកម្ពុជាមានកម្រិតនៅឡើយក្នុងស្រទាប់ពលរដ្ឋ ។ នៅកម្ពុជាបើតាមរបាយការណ៍គឺការបង្រ្កាបគ្រឿងញៀនក្នុង ១ឆ្នាំៗមានជាង ១ម៉ឺនករណី ហើយការជួញដូរគ្រឿងញៀនក៏មានលក្ខណៈតូចតាចច្រើន។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា បើតាមរបាយការណ៍បង្ហាញថាគ្រឿងញៀនភាគច្រើនឆ្លងចូលមកប្រទេសកម្ពុជាតាមរយៈដីគោក ប្រមាណ ៥៦ភាគរយ តាមផ្លូវទឹក ៨ភាគរយ ផ្លូវអាកាស ១០ភាគរយ កញ្ចប់ប្រៃសណីយ៍ប្រមាណ ២០ភាគរយ និងការកែច្នៃក្នុងប្រទេសប្រមាណ ១០ភាគរយ ។

ជាមួយគ្នានេះបើតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យដឹងនាកន្លងមកដែរថា៖ក្នុងចំណោមយុវជនដែលមានវ័យ ១៨ដល់ ៣៥ឆ្នាំគឺជាវ័យដែលប្រឈមនឹងការប្រើប្រាស់គ្រឿងញៀន ហើយក្នុងចំណោមនេះមានប្រមាណពី៣ទៅ ៤ម៉ឺនាក់បានធ្លាក់ខ្លួនប្រើប្រាស់ប្រាស់គ្រឿងញៀន ។ ក្រុមមនុស្សរងគ្រោះពីគ្រឿងញៀនកើតឡើងដោយសារ៣ចំណុចសំខាន់ៗគឺការចង់សាក,ទី២ចាញ់បោកគេឱ្យប្រើប្រាស់ និងទី៣ចាប់បង្ខំតែម្តង។

ឯកឧត្តម នេត្រ ភក្រ្តាបានថ្លែងដែរថា”យុវជនស្ថិតនៅក្នុងចំណោមនេះដែលធ្លាក់ក្នុងគ្រឿងញៀនដំបូងឡើយកើតឡើងមកពីការជួបជុំផឹកស៊ី នៅពេលផឹកស៊ីសប្បាយតែងកើតការចង់សាកដែលពេលនោះឯងនាំធ្លាក់ដល់ប្រើប្រាស់គ្រឿងញៀន”។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងដោយបញ្ជាក់ថា”ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត ទាក់ទងការបោសសម្អាតគ្រឿងញៀនគឺដំបូងយើងត្រូវប្រើប្រាស់យុទ្ធសាស្រ្តសម្អាតផ្ទះឬសម្អាតចកក្នុងបឹង ប៉ុន្តែមិនមែនយុទ្ធសាស្រ្តវែកចកទេគឺយុទ្ធសាស្រ្តសម្អាតចកដើម្បីធ្វើឱ្យទឹកបឹងថ្លាក្នុងនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់បទបញ្ជា០០១ក្នុងការធ្វើតេស្ត រកសារធាតុញៀនក្នុងចំណោមមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។មកដល់ពេលនេះបើតាមរបាយការណ៍របស់អាជ្ញាធរដែលឱ្យធ្វើតេស្តរកសារជាតិញៀនមានចំនួនសរុបជាង ៩៩៣០០នាក់ក្នុងចំណោមនេះគេបានរកឃើញវិជ្ជមានសារធាតុញៀនមានចំនួន ៩៧នាក់ ។ ក្នុងនេះតាមបទបញ្ជាគឺគ្មានការលើកលែង ហេតុនេះបើរកឃើញសារធាតុញៀនគឺនឹងត្រូវបណ្តេញចេញពីក្របខណ្ឌមន្រ្តីរាជការតែម្តង។ចំពោះអ្នកដែលរកឃើញសារធាតុញៀននេះដែរក្នុងចំណោម៩៧នាក់បានបណ្តេញចេញពីការងារចំនួន៨៩នាក់និង៧នាក់ទៀតកំពុងរៀបចំនីតិវិធីនិងម្នាក់ទៀតកំពុងតាមដាន។បើប្រៀបធៀបទៅក្នុងបណ្តាប្រទេសអាស៊ានឃើញថាកម្ពុជាអនុវត្តនៅមានកម្រិតតិចជាងគេក្នុងការចាត់វិធានការដែលប្រទេសខ្លះដូចជាហ្វីលីពីន ថៃ គេបានប្រើវិធានការក្តៅគឺអ្នកពាក់ព័ន្ធគ្រឿងញៀនត្រូវបានគេបញ្ជាឱ្យបាញ់សម្លាប់ទៀតផង។

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តាបានថ្លែងបញ្ជាក់បន្ថែមថា”លុយដែលបានពីការលក់គ្រឿងញៀនគឺជាលុយកខ្វក់ ហើយដើម្បីឱ្យបានលុយនឹងស្របច្បាប់ ឧក្រិដ្ឋជនត្រូវលាងសម្អាតវាសិនពោលគឺបំប្លែងវាទៅជាការទិញដី ទិញផ្ទះ ទិញរថយន្ត និងទិញអ្វីផ្សងៗជាច្រើនទៀត ដែលទាំងនេះគឺជាវិធានការយើងត្រូវទប់ទល់និងបង្រ្កាប”។

ដោយឡែក អ្នកឧកញ្ញា ឡេង ស៊ីណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្កាឡាក់ស៊ីណាវ៉ាត្រាគ្រុប បានបញ្ជាក់ដែរថា ៖ ក្នុងចំណោមអ្នកសិល្បៈគឺជាការផ្សព្វផ្សាយដ៏ល្អមួយដែលបញ្ជ្រាបដល់សាធារណៈជនឱ្យបានដឹងពីគ្រោះថ្នាក់នៃអំពើប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ពាក្យសម្តីមួយម៉ាត់ៗរបស់អ្នកសិល្បៈករសិល្បៈការិនីគឺជះឥទ្ធិពលខ្លាំងណាស់ដល់អ្នកស្តាប់ និងអ្នកទស្សនា។

អ្នកឧកញ្ញា ឡេង ស៊ីណាវ៉ាត្រាបានចាត់ទុកថាការអប់រំ ផ្សព្វផ្សាយគ្រោះថ្នាក់កើតចេញពីគ្រឿងញៀនគឺជាការផ្សព្វផ្សាយដ៏ធំមួយដែលអ្មកសិល្បៈគ្រប់រូបត្រូវចូលរួមទាំងអស់គ្នាដើម្បីប្រទេសកម្ពុជាស្អាតល្អគ្មានគ្រឿងញៀន យុវជនប្រកបដោយទំពាំងស្នងឬស្សីដ៏ល្អដែលជាសសរទ្រូងរបស់ប្រទេសជាតិ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ ហេង សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner