ព្យុះនៅវៀតណាម បាក់ស្រុតផ្ទះវីឡា ទឹកលិចជាង១ម៉ែត្រ

ហាណូយ៖ កាសែត VNexpress បានចេញផ្សាយថា ព្យុះ Prapiroon បានជន់ពន្លិច លំនៅដ្ឋាន និងផ្លូវថ្នល់ជាច្រើនកន្លែង នៅក្នុងទីក្រុងហាណូយ ដោយតំបន់ខ្លះ ទឹកមានជម្រៅ ជាង១ម៉ែត្រ។

ប្រភពដដែលបន្តថា ផ្ទះវីឡាមួយកន្លែង ក្នុងសង្កាត់ Quoc Oai បានដួលរលំភ្លាម ក្រោយពីភ្លៀងធ្លាក់ ត្រឹមរយៈពេល៣០នាទី កាលពីព្រឹកថ្ងៃពុធ ប៉ុន្តែ គ្រួសារមានគ្នាប្រាំបីនាក់ បានជម្លៀសខ្លួន ទៅកាន់ផ្ទះសាច់ញាតិ ទាន់ពេលវេលា។

ព្យុះ Prapiroon បានបង្កឲ្យមានភ្លៀងធ្លាក់ តាំងពីយប់ថ្ងៃអង្គារ បន្តមកដល់ថ្ងៃពុធ បង្ខំឱ្យមាន ការជម្លៀសចេញ និងធ្វើឱ្យចរាចរណ៍ នៅតំបន់ជាច្រើន ក្នុងទីក្រុងហាណូយ បានជាប់គាំង ក្នុងទឹក។

អ្នកស្រុកខ្លះ ត្រូវប្រើទូក ធ្វើដំណើរជុំវិញភូមិមួយចំនួន ដែលទឹកជ្រៅបំផុត មានដល់ជាង១ម៉ែត្រ។ ទាហានបានមកជួយជម្លៀសប្រជាជន រាប់រយនាក់ ពីក្នុងផ្ទះ ទៅកាន់ទីទួលសុវត្ថិភាព។

ជាមួយគ្នានេះ ព្យុះ Prapiroon ក៏បានបង្កឲ្យបាក់ដី បំផ្លាញផ្ទះចំនួន ៥ខ្នងនៅក្នុងស្រុក Mai Son នៃខេត្តតំបន់ភ្នំ Son La ស្លាប់មនុស្ស ៣នាក់ ទៀតផងដែរ។ នេះបើតាម VNexpress ដដែល៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner