អនាគតបេក្ខភាពប្រធានាធិបតីអាមេរិក ប្រាប់អ៊ីស្រាអែលថា ដល់ពេលបញ្ចប់សង្រ្គាមហើយ!
អាមេរិក៖ ថ្លែងនៅក្រោយពេលមានជំនួប ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី អនុប្រធានាធិបតី Kamala Harris បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រី ទើបតែបានប្រាប់ទៅភាគី អ៊ីស្រាអែលថា «វាដល់ពេលហើយ ក្នុងការបញ្ចប់សង្រ្គាម ដ៏បំផ្លិចបំផ្លាញ»។
អនុប្រធានាធិបតីអាមេរិក និង ជាអនាគតបេក្ខភាពប្រធានាធិបតី វ័យ៥៩ឆ្នាំ រូបនេះ បានស្នើដល់នាយករដ្ឋមន្ត្រី Netanyahu បង្កើតកិច្ចព្រមព្រៀង ឲ្យបានឆាប់។ លោកស្រីថា «អ្វីដែលបានកើតឡើង នៅក្នុងតំបន់ Gaza ក្នុងរយៈពេល៩ខែ កន្លងមកនេះ គឺជាការបំផ្លិចបំផ្លាញ, កុមារស្លាប់, មនុស្សអត់ឃ្លានដែលអស់សង្ឃឹមបានរត់គេចខ្លួន ដើម្បីសុវត្ថិភាព ជួនកាល ត្រូវបានផ្លាស់ទីលំនៅ ជាលើកទីពីរ ទីបី ឬទីបួន»។
លោកស្រីបន្ថែមទៀតថា «យើងមិនអាចឲ្យមានសោកនាដកម្មទាំងនេះ បន្តវែងឆ្ងាយទៀតបានទេ។ យើងមិនអាចអនុញ្ញាតឱ្យខ្លួនយើងស្ពឹកស្រពន់ ទៅនឹងការឈឺចាប់បានទេ ហើយខ្ញុំនឹងមិននៅស្ងៀមដែរ។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានទៅបំពេញទស្សនកិច្ចនៅអាមេរិក។ ជុំវិញបញ្ហាសង្គ្រាម លោកបានថ្លែងក្នុងសភាអាមេរិក ឲ្យជួយពន្លឿនផ្តល់ជំនួយយោធាដល់ខ្លួន កំចាត់ពួកហាម៉ាស់ នៅហ្គាហ្សា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត