ឯកឧត្តម សុខ សូកេន ៖ សិក្ខាលាសា គឺជាវេទកាជួបជុំគ្នា ដើម្បីធ្វើការប្តេជ្ញារួមគ្នា ប្រែក្លាយកម្ពុជា ឱ្យទៅជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី

(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ លោក អ៊ុត វិជិត នាយកប្រតិបត្តិ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិង ផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងក្រុមការងារវិស័យឯកជនទាំងអស់ ដែលបានសហការគ្នារៀបចំសិក្ខាសាលា ស្តីពីការស្តារឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា “Cambodia Tourism Revival” របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិង ផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅសណ្ឋាគា សូហ្វីតែល ភ្នំពេញ ភូគីត្រា កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តម សុខ សូកេន បន្តថា វិបត្តិនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ មកលើសង្គម សេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ ដែលធ្វើឱ្យមានការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនភ្ញៀវទេសចរទាំងក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល។ ច្បាស់ណាស់ថា វិស័យទេសចរណ៍នឹងត្រូវប្រឈមនិន្នាការថ្មីៗ នៃតម្រូវការក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឌីជីថល បញ្ហានៃការប្រែប្រួលអាកាសធាតុ និងបញ្ហាសុខភាពសាធារណៈជាសកល ដែលតម្រូវឱ្យមានយន្ត ការពិសេសៗ ដែលអាចប្រមូលផ្តុំនិងជំរុញភាពជាដៃគូយ៉ាងជិតស្និតរវាងរដ្ឋនិងឯកជន ដើម្បីឆ្លើយតបទៅ នឹងបញ្ហានានា។ ដើម្បីសម្រេចបានបេសកកម្ម និងចក្ខុវិស័យនេះ, ក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រថ្មី “បង្កើន៥-អភិវឌ្ឍ៣ ដើម្បីជំរុញនិងអនុវត្តការងារ, និងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធទាំងអស់សំដៅបង្កើន ប្រសិទ្ធភាព, និងសុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័ន ពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តម សុខ សូកេន បន្ថែមថា ការរៀបចំសិក្ខាសាលាស្តីពីការស្ដារឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជារបស់ ក.ផ.ផ នាពេលនេះ គឺសរបញ្ជាក់ពីពេលវេលាដ៏មានសារៈសំខាន់មួយក្នុងការជំរុញការវិវត្តន៍នៃឧស្សាហកម្មទេសចរណ៍ តាមរយៈការរៀបចំឡើងវិញនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនឹងផ្សព្វផ្សាយទេសចរណ៍កម្ពុជានេះឡើងវិញ។ ហើយការជួបជុំគ្នានាពេលនេះ គឺជាឱកាសដើម្បីជំរុញវប្បធម៌សន្ទនាដែលមានលក្ខណៈយោគយល់ និង បើកទូលាយក្នុងចំណោមផ្នែកឯកជនពាក់ព័ន្ធសំខាន់ៗ ដើម្បីធ្វើការប្តេជ្ញារួមគ្នាក្នុងការប្រែក្លាយប្រទេស កម្ពុជា ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី។

គួររម្លឹកថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេចធិបតី បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពរបស់ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិង ផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) និងវិធានការគន្លឹះសម្រាប់ ការស្ដារឡើងវិញវិស័យទេសចរណ៍ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ជាពិសេសដំណោះស្រាយគន្លឹះក្នុងការជំរុញឱ្យវិស័យទេសចរណ៍អាចងើបឡើងវិញ សម្រាប់រដូវកាលដែលមានភ្ញៀវច្រើន (High Season) នៃឆ្នាំ២០២៤ និងសម្រាប់ឆ្នាំ២០២៥ទាំងមូ ៕

អត្ថបទ និង រូបភាព ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner