រដ្ឋបាលខេត្តកែប ត្រៀមអបអរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យបានអធិកអធម
កែប៖ដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តកែបបានត្រៀមរៀបចំកម្មវិធីជាច្រើនឱ្យបានអធិកអធម ។ជាពិសេសរុះរើស្លាកប៉ាណូគ្រឿងស្រវឹងចេញ ជំនួសវិញដោយរូបភាពគាំទ្រនិងអបអរសាទរគម្រោងព្រែកជីកប្រវត្តិសាស្រ្តមួយនេះ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដារបស់រដ្ឋបាលខេត្តកែប កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តបួន ដែលព្រែកជីកហ្វូណន តេជោឆ្លងកាត់ ។ដូច្នេះនៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកនៅថ្ងៃទី៥ ខែសីហាខាងមុខនេះរដ្ឋបាលខេត្តបានត្រៀមរៀបចំកម្មវិធីជាច្រើនដូចជា ការប្រគំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រួច ការដង្ហែក្បួនព្យុហយាត្រា ការតុបតែងលម្អសោភណភាពខេត្តជាដើម ដែលនឹងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំង យុវជន សិស្ស និស្សិត ប្រជាពលរដ្ឋប្រមាណបីពាន់នាក់ ។លោកបញ្ជាក់ថា ធ្វើយ៉ាងណាឱ្យកម្មវិធីអបអរសាទរប្រព្រឹត្តិទៅអធិកអធមបំផុត ។

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរស្រុកដំណាក់ចង្អើរដែលជាស្រុក គម្រោងព្រែកជីហ្វូណនឆ្លងកាត់នោះ គឺត្រូវធ្វើកម្មវិធីអបអរសាទរដាច់ដោយឡែកមួយផងដែរនៅឯឆ្នេរអង្កោល ហើយក្បួនព្យុហយាត្រារបស់រដ្ឋបាលខេត្តនឹងធ្វើដំណើរទៅជួបជុំគ្នានៅទីនោះ។
បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តការរៀបចំទង់ជាតិ ទង់ជ្វាលានៅតាមដងផ្លូវសំខាន់ៗ នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១ ខែសីហាខាងមុខ ខណៈដែលនៅតាមទីអារាម មណ្ឌលសាសនាផ្សេងៗ គេហដ្ឋានប្រជាពលរដ្ឋក្នុងខេត្ត ក៏បានត្រៀមឧបករណ៍បន្លឺសំឡេងរួចរាល់ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ៕




ដោយ៖ សិលា សារិន