ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ៖ សុខភាពល្អរបស់កុមារ គឺជាសេចក្តីប៉ងប្រាថ្នារបស់យើងទាំងអស់គ្នា
ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់មន្ទីរពេទ្យ បេះដូង Fuwai ខេត្តយូណាន ចុះពិនិត្យសុខភាពបេះដូង ជូនដល់កុមារកម្ពុជា ដែលមានអាយុក្រោម ១៥ឆ្នាំ រៀបចំឡើង នៅសាលាបឋមសិក្សាបល្ល័ង្ក ស្ថិតនៅក្នុង ភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។
ថ្លែងទៅកាន់អាជ្ញាធរ សង្កាត់ដំរីជាន់ខ្លា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសរុប ៣៥០នាក់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ដែលបានសហការជាមួយ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្នុងការរៀបចំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា និងចិនរួមគ្នាពិនិត្យសុខភាពបេះដូង ជូនដល់កុមារកម្ពុជា អាយុក្រោម ១៥ឆ្នាំ រស់នៅក្នុងសង្កាត់ដំរីជាន់ខ្លា ដោយចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំ ដ៏វាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងការតាមដាន និងថែទាំសុខភាព ជូនដល់កុមារកម្ពុជា ។
តាមរយៈប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត Duo Lin ប្រធាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ឯកឧត្ត មប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យចិន ដែលក្នុងរយៈពេល៧ឆ្នាំមកនេះ បានជួយ ពិនិត្យសុខភាព បេះដូងជូន ដល់កុមារកម្ពុជា ប្រមាណជិត ១០ម៉ឺននាក់ និងបានរកឃើញកុមារ ចំនួន ១០៣នាក់ ដែលមានជំងឺបេះដូង ពីកំណើត ហើយត្រូវបានក្រុមគ្រូពេទ្យចិន ជួយព្យាបាល ដោយឥតគិតថ្លៃ និងជាសះស្បើយ ទទួលបានសុខភាពល្អ ជាប្រក្រតីឡើងវិញ ។
លោក ហេង សុចិន្តា ចៅសង្កាត់ដំរីជាន់ខ្លា បានរំលេចពីសកម្មភាព ជាច្រើនរបស់ ក្រុមការងារ ដែលមាន ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាប្រធាន ក្នុងការរួមចំណែកយ៉ាងសកម្ម ជួយសម្រាលទុក្ខលំបាកនានា ជូនដល់ប្រជាជន នៅទូទាំងសង្កាត់ ព្រមទាំងបាន ចូលរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅ ជូនដល់ប្រជាជន សង្កាត់ដំរីជាន់ខ្លាតាមរយៈការអនុវត្ត សកម្មភាពនានាជាច្រើន ដែលថ្ងៃនេះ ជាសមិទ្ធផលថ្មីបន្ថែមទៀត លើសកម្មភាពកន្លង មករបស់ក្រុមការងារ ចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លានេះ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា