គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ពាក់ព័ន្ធផ្លូវអាកាស ទៅគណៈកម្មការទី៩ ព្រឹទ្ធសភា ពិនិត្យសិក្សា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ច​ប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទី​ព្រឹទ្ធ​សភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន២ ដូចខាង​ក្រោម៖ ១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធ នឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ ២-ផ្សេងៗ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្មរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ពិនិត្យសិក្សាតាមវិស័យជាសមត្ថកិច្ច និងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាវិញ ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីការអនុ ម័តយល់ព្រមលើ អនុសញ្ញាស្តីពីឯកភាវូប នីយកម្មនៃវិធានមួយ ចំនួនពាក់ព័ន្ធ នឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ត្រូវបានរដ្ឋសភា ពិភាក្សា និអនុម័តក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី២៥ ខែកក្កដា។

ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងសហការី ដែលបានចូលរួមបំភ្លឺការពារសេចក្តីព្រាងច្បាប់នេះ នៅក្នុងសម័យប្រជុំរដ្ឋសភា បានពន្យល់ថា៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូប នីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសនេះ មាន៣មាត្រា ដែលគណៈរដ្ឋមន្ត្រី សម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា អនុសញ្ញស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវ អាកាស ហៅថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីច្បាប់ដឹកជញ្ជូនតាមផ្លូវ អាកាស ពីថ្ងៃទី១០ ដល់ទី២៨ ខែឧសភា ឆ្នាំ១៩៩៩ និងបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៣ ហើយគិតត្រឹមខែកក្កដា ឆ្នាំ ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័នរួចរាល់មានចំនួន ១៣៩ ប្រទេស។ កម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញាម៉ុងរ៉េអាល់នេះ តាំងពីឆ្នាំ ១៩៩៩មកម៉្លេះ ប៉ុន្តែមិនទាន់បានផ្តល់សច្ចាប័ននៅឡើយ ។

ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បន្តថា សេចក្តីពា្រងច្បាប់នេះ នឹងបង្ហាញឆន្ទៈនិងកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជា ជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគម ដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើឱកាសកាន់តែច្រើនដល់កម្ពុជា ចូលរួមដោយផ្ទាល់ក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ មិនតែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់នេះ ក៏បានធានាជំរុញការទាក់ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទាំងការតភ្ជាប់វប្បធម៌រវាងប្រជាជននិងប្រជាជន ផ្តលភាពងាយស្រួលនិងជំរុញការដឹកជញ្ជូនទំនិញអន្តរជាតិតាមផ្លូវអាកាស តាមរយៈការប្រើប្រាស់អញ្ញត្តិបណ្ណដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជាទម្រង់អេឡិចត្រូនិក ស្របតាមបរិបទនៃបរិវត្តកម្មឌីជីថល ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner