កម្ពុជា-អាមេរិក បន្តកិច្ចពិភាក្សា ពង្រីកកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការយកចិត្តទុកដាក់ចំពោះជនពិការ
(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា និង ឯកឧត្តម Salman Ahmed នាយកទទួលបន្ទុករៀបចំផែនការគោលនយោបាយនៃ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្រេចបន្តកិច្ចពិភាក្សាពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការយកចិត្តទុកដាក់ចំពោះជនពិការ ។
នៅក្នុងជំនួនេះ ឯកឧត្តម ប្រាក់ សុខុន បានការស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់ឯកឧត្តម Salman Ahmed មកកាន់ព្រះរាជាណាចក្រកម្ពុជា និងបានរំលេចអំពីអតីតភាព ការងាររបស់ ឯកឧត្តម Ahmed ដែលធ្លាប់បម្រើការងារក្នុងក្របខ័ណ្ឌនៃកងកម្លាំងរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ (អ.ស.ប) នៅប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរ។
ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា ក៏បានរំលឹកអំពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាក្នុងដំណើរ ទស្សនកិច្ចរបស់ ឯកឧត្តម Lloyds J. Austin III រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ក្នុងជំនួបជាមួយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា កាលពីខែមិថុនាកន្លងទៅនេះ ដែលផ្តោតជាពិសេសទៅលើ ការពង្រឹងទំនាក់ទំនងទ្វេភាគីនិងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងយន្តការនានាបន្ថែមទៀត។
ឯកឧត្តម ក៏បានលើកឡើងពីជំនួបដោយឡែកជាមួយ ឯកឧត្តម Antony Blinken រដ្ឋមន្ត្រីការបរទេសអា មេរិក និង លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រីការបរទេស នៅរាជធានីវ៉ាស៊ីនតោន កាលពីឆ្នាំ ២០២២ ក្នុងពេលដែលកម្ពុជាជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលពេល នោះភាគីទាំងពីរបានកត់សម្គាល់ពីចំណុចវិជ្ជមានជាច្រើន នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក រួម មានពាណិជ្ជកម្ម ការប្រឆាំងអំពើភេរវកម្ម កិច្ចការមនុស្សធម៌ មាតុភូមិនិវត្តន៍នៃជនជាតិខ្មែរ ការបោស សម្អាតមីន និងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម Salman Ahmed បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២កន្លងទៅ ក៏ដូចជា កោតសរសើរចំពោះការដាក់ចេញនូវវិធានការក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ- ១៩យ៉ាងមានប្រសិទ្ធភាព។
ឯកឧត្តម បានសាទរចំពោះជំហរកម្ពុជាក្នុងការឈរលើគោលការណ៍ច្បាប់អន្តរជាតិផ្អែកលើធម្មនុញ្ញរបស់ អ.ស.ប ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ដែលនេះសរបញ្ជាក់ពីគោលជំហរឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។ ឯកឧត្តម ក៏បានកោតសរសើរពីការចូលរួមវិភាគទានរបស់ កម្ពុជា ក្នុងការបញ្ជូនកងទ័ពមួកខៀវក្នុងបេសសកម្មរក្សាសន្តិភាពសកល ក្នុងចំនួនមួយគួរឱ្យស្ញប់ស្ញែង។
ឯកឧត្តម អនុប្រធានទី១ និង ឯកឧត្តម Salman Ahmed បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ លើវិស័យអាទិភាពមួយចំនួន មានដូចជាវិស័យវិនិយោគ វិស័យវប្ប ធម៌និងការអភិរក្សវត្ថុបុរាណ និងវិស័យដោះមីនជាដើម ដែលអាមេរិកបានបន្តគាំទ្រកម្ពុជាក្នុងការបោះ សម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទះ តាមរយៈការផ្តល់ជំនួយប្រមាណ ១៩០លានដុល្លារអាមេរិក ចាប់ពីឆ្នាំ១៩៩៣មក ។
ឯកឧត្តម អនុប្រធានទី១ ក៏បានអរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់វ៉ាក់សាំងចំនួន ៣លានដូស និងជំនួយផ្នែកបច្ចេកទេសដទៃទៀត ដែលបានរួមចំណែកឱ្យកម្ពុជាអាច សម្រេចបាននូវភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ឈានមុនគេមួយនៅក្នុងតំបន់អាស៊ី- ប៉ាស៊ីហ្វិក។
ឯកឧត្តម អនុប្រធានទី១ និង ឯកឧត្តម Ahmed បានបន្តកិច្ចពិភាក្សាពិនិត្យលទ្ធភាពក្នុង ការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការ យកចិត្តទុកដាក់ចំពោះជនពិការ ៕
ដោយ ៖ វណ្ណលុក