សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧
(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៥៧ ដឹកនាំដោយ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចប្រជុំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងវឌ្ឍនភាពក្នុង ការសម្រេចបាននូវអាទិភាពនិងសមិទ្ធផលសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្នាំ២០២៤ ស្របតាម មូលបទនៃភាពជាប្រធានអាស៊ានរបស់ឡាវ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ដើម្បី ធានាថា អាស៊ាននៅតែអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរ និងត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត ហើយនៅតែបន្តដើរតួនាទីជាមជ្ឈមណ្ឌលនៃកំណើនសាកល។ ក្នុងបរិបទនេះ កិច្ចប្រជុំក៏បានផ្តោត កិច្ចពិភាក្សាលើវិស័យនៃកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពលនិងស្បៀង បរិវត្តកម្មឌីជីថល ភាពធន់នៃខ្សែច្រវ៉ាក់ ផ្គត់ផ្គង់។ល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបាន ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ក្នុងគោលបំណង ពង្រឹងសហគមន៍អាស៊ាន ក៏ដូចជាមជ្ឈភាពនិងឯកភាពអាស៊ាន តាមរយៈការពង្រឹងកិច្ចសហ ប្រតិបត្តិការឆ្លងសសរស្តម្ភសហគមន៍ទាំងបី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ ក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យក្រោយឆ្នាំ២០២៥ (HLTF-ACV) ចំពោះវឌ្ឍនភាពនិងសន្ទុះ ក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ផែនការយុទ្ធសណាចក្រកម្ពុជា សហគមន៍សេដ្ឋកិច្ចអាស៊ាន ផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន និងផែនការយុទ្ធសាស្ត្រតភ្ជាប់អាស៊ានឱ្យបានទាន់ពេលសម្រាប់ការអនុម័តទន្ទឹមនឹងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ នៅឆ្នាំក្រោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃសន្ធិសញ្ញាមិត្តភាព និង កិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលជាផលប្រយោជន៍រួម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ នូវចំណាប់អារម្មណ៍ជាបន្តបន្ទាប់របស់ប្រទេសដែលនៅក្រៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការស្នើសុំចូល ជាភាគីនៃសន្ធិសញ្ញា TAC ហើយទន្ទឹងរង់ចាំការចូលជាភាគីនៃសន្ធិសញ្ញា TAC ដោយសាធារណរដ្ឋ ហ្វាំងឡង់ ព្រះរាជាណាចក្រលុចសំបួ ព្រះរាជាណាចក្រអេស្ប៉ាញ សហរដ្ឋម៉ិកស៊ិក និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី។ កិច្ចប្រជុំក៏បានស្វាគមន៍ភាពជោគជ័យនៃ ការរៀបចំសន្និសីទភាគីហត្ថលេខីនៃសន្ធិសញ្ញា TAC នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅ លេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា។
នៅក្នុងសម័យប្រជុំចង្អៀត កិច្ចប្រជុំបានពិភាក្សាអំពីការតាមដានការវាយតម្លៃ និងសេចក្តី សម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និង បានផ្លាស់ប្តូរទស្សនៈគ្នាទៅលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងមជ្ឈភាពអាស៊ាននៅក្នុង និម្មាបនកម្មតំបន់ដែលកំពុងវិវត្ត ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់ និងប្រយោជន៍រួម ៕
ដោយ ៖ សួង ពិសិដ្ឋ