ទឹកជំនន់បង្ខំឱ្យជម្លៀសមនុស្ស ៤,០០០នាក់នៅជប៉ុន
តូក្យូ៖ អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅថ្ងៃសុក្របានរាយការណ៍ថា មនុស្សយ៉ាងហោច ៣នាក់កំពុងបាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យទឹកទន្លេជន់លិចហូរគួចពួកគេទៅជាមួយឡានជាច្រើនគ្រឿង ហើយបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនរាប់ពាន់នាក់ទៅកាន់តំបន់មានសុវត្ថិភាពជាបន្ទាន់។
នៅក្នុងសប្ដាហ៍នេះ អាជ្ញាធរឧតុនិយមជប៉ុនបានចេញការប្រកាសអាសន្នកម្រិតខ្ពស់ ពីគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង Sakta, Tuza និងខេត្ត Yamagata។ មន្ត្រីរដ្ឋាភិបាលនៅខេត្ត Yamagata និងខេត្ត Akita នៃកោះ Honshu ភាគខាងជើងប្រទេសជប៉ុន បានចេញសេចក្ដីណែនាំឱ្យប្រជាជនច្រើនជាង ២០០,០០០នាក់ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព។
ទូរទស្សន៍ផ្លូវការជប៉ុន NHK បានចេញផ្សាយថា ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សយ៉ាងហោច ៤,០០០នាក់ត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់នៅបណ្ដោះអាសន្ន។ ទន្ទឹមគ្នា ទឹកទន្លេចំនួនពីរក្នុងខេត្ត Yamagata និងទន្លេមួយទៀតក្នុងខេត្ត Akita បានជន់លិច ដោយបានហូរគួចយកឡានជាច្រើនគ្រឿង ក្នុងនោះរួមមានទាំងឡានប៉ូលិសមួយគ្រឿងផងដែរ។
រីឯមន្ត្រីក្នុងតំបន់ម្នាក់ទៀតបានប្រាប់កាសែតបារាំង AFP ថា មានមនុស្ស ៣នាក់ ក្នុងនោះរួមមានទាំងមន្ត្រីប៉ូលិស ២នាក់បានបាត់ខ្លួន អំឡុងពេលចេញបេសកកម្មស្វែងរកបុរសម្នាក់ដែលបានបាត់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសុក្រ ទីភ្នាក់ងារឧតុនិយមជប៉ុនបានអំពាវនាវឱ្យសាធារណជន មានការប្រុងប្រយ័ត្នចំពោះការបាក់ដី និងទឹកជំនន់ដែលអាចកើតមានបន្ថែមទៀត។ ប្រទេសជប៉ុនបានជួបប្រទះភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក នៅក្នុងផ្នែកខ្លះនៃប្រទេសក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទឹកជំនន់ និងរអិលបាក់ដី ទូទៅតែងតែបណ្តាលឱ្យមានមនុស្សស្លាប់ និងបង្កផលប៉ះពាល់ផ្សេងៗ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា