សហព័ន្ធដំឡូងមីកម្ពុជា ត្រូវបានប្រកាសបង្កើតជាផ្លូវការ
(ភ្នំពេញ)៖ សន្និបាតកំណើតដំបូង នៃសហព័ន្ធដំឡូងមីកម្ពុជា បានដំណើរការបោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាល នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម វ៉ា រុនសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានអ្នកចូលរួមប្រមាណ ១២០នាក់ ជាតំណាងមកពីសមាគម សម្ព័ន្ធសមាគមអាជីវកម្ម សមាគមន៍កសិកម្មផលិតដំឡូងមីតាមបណ្តាលខេត្តទាំង១៦ ដែលផលិតដំឡូងមីច្រើនជាងគេនៅកម្ពុជា តំណាងអ្នកប្រមូលទិញដំឡូងមីនៅក្នុងតំបន់ ក្រុមហ៊ុនកែច្នៃដំឡូងមី និងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូល និងសំភារៈកសិក្ម ព្រមទាំងអង្គការដៃគូរ រួមមាន GIZ , HEKS , CARITAS, ClRD ជាដើម ។

នៅក្នុងឱកាសនេះ ឯកឧត្តម វ៉ា រុនសាន សង្ឃឹមយ៉ាងម៉ត់មាំថា សហព័ន្ធដំឡូងមីកម្ពុជា (ស.ដ.ក) បង្កើតឡើង ដើម្បីលើកកម្ពស់វិស័យដំឡូងមីកម្ពុជា សំដៅធ្វើអោយទីផ្សារពីភពលោក គាំទ្រ និងទទួលស្គាល់ថា កម្ពុជា ជាប្រភពផ្គត់ផ្គង់ដំឡូងមីដ៏ធំសំខាន់ ប្រកបដោយគុណភាព ភាពប្រកួតប្រជែង និងមាននិរន្តរ៍ភាព ។

ឯកឧត្តមរដ្ឋលេខាធិការ ចាត់ទុកការបង្កើតសហព័ន្ធដំឡូងមីកម្ពុជានេះ នឹងនាំឲ្យដំឡូងមីកម្ពុជា ក្លាយជាវិស័យមួយដ៏សំខាន់ ក្នុងការរួមចំណែកបង្កើនសេដ្ឋកិច្ចគ្រប់តួអង្គ នៃខ្សែច្រវ៉ាក់តម្លៃ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។

សូមជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នៅឆ្នាំ២០២៣ កម្ពុជា បាននាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោន ក្នុងនោះកម្ពុជា បាននាំចេញ ចំណិតដំឡូងមីក្រៀមមានចំនួន ១លាន២៨៩ ៧៣៩.០៤តោន ធ្លាក់ចុះ ៣៧.៦៤%, នាំចេញដំឡូងមីស្រស់មានចំនួន ១លាន៩៦១ ៣៧៥ តោន កើនឡើង ២៦.៥១%, នាំចេញម្សៅដំឡូងមីមានចំនួន ៣៦ ២៥៦.៨០តោន ធ្លាក់ចុះ៤៥.៣៩% និងនាំចេញកាកសំណល់ដំឡូងមី មានចំនួន ៧៤ ៧៩៦ តោន កើនឡើងចំនួន ៧៥.៣១% ។

សម្រាប់តម្លៃដំឡូងមីនៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ នៅរក្សាបានតម្លៃល្អប្រសើរក្នុងចន្លោះ ៣៥០-៣៨០រៀលក្នុងមួយគីឡូក្រាម ចំពោះដំឡូងមីស្រស់ ចំណែកដំឡូងមីក្រៀមចន្លោះ ៧០០-៨០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃប្រជាកសិករទទួលយកបាន។ ទីផ្សារនាំចេញដំឡូងមី គឺមានប្រទេសថៃ និងប្រទេសវៀតណាម ខណៈប្រទេសចិន នៅមានចំនួនតិចតួចនៅឡើយ ។

ជាមួយនេះ នៅក្នុងប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំឡូងមីជាង ១លានហិចតា បច្ចុប្បន្នបានអនុវត្តន៍ការដាំដុះបានចន្លោះពី ៧០-៨០ម៉ឺនហិចតា និងមាន ១៧ខេត្តជាគោលដៅ ៕
ដោយ ៖ វណ្ណលុក