សម្តេចតេជោ ហ៊ុន សែន អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ ព្រមទាំងជួបថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាមផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាននៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះសពរបស់ ឯកឧត្តម ង្វៀន ហ៊ូចុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក៏ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឺម ប្រធានរដ្ឋវៀតណាម ឯកឧត្តម ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម និងឯកឧត្តម លឿង គ្រឿង ប្រធានគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុង ហាណូយ ដើម្បីផ្លាស់ប្តូរលើទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការ ក្នុងការបន្តទំនាក់ទំនងដ៏ល្អ ជាប្រពៃណីរវាង គណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម នាថ្ងៃទី២៥ ឯកឧត្តមប្រធានរដ្ឋ បានគូសបញ្ជាក់ ថា មិត្តភាពដែលមានជាង ១ទសវត្សរ៍ កន្លងទៅរវាង ឯកឧត្តម ង្វៀន ហ៊ូចុង ដែលបានធ្វើការជាមួយ សម្តេចតេជោ ហ៊ុន សែន គឺពិតជាមានតម្លៃខ្លាំងណាស់ ហើយឯកឧត្តមប្រធានរដ្ឋ នឹងបន្តនូវភារកិច្ចដែល ឯកឧត្តម អគ្គលេខាធិការបក្ស បានបន្សល់ទុក រួមមានស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងមិត្តភាពជាបងប្អូន ជាមិត្ត ជិតខាងល្អរវាងកម្ពុជា វៀតណាម ហើយនឹងពង្រឹងពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ក្រោយ។

នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជាបានបន្តជួបពិភាក្សាការងារនិងសម្តែងការគួរសម ជាមួយឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម។ ភាគីទាំងពីរបានជូនពរគ្នាទៅវិញទៅមក និងបញ្ជាក់ នូវទំនុកចិត្តដែលកើតចេញពីការលះបង់ និងការសាមគ្គីគ្នាគ្រប់ដំណាក់កាល ដូច្នេះហើយភាគីទាំងពីរនឹងបន្តពូនជ្រុំនូវ មិត្តភាពនេះ ឱ្យបានយូរអង្វែងបន្តទៀត ជាពិសេសប្រពៃណីដែលនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ជន នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម តែងតែជួបគ្នាគ្រប់ពេលវេលា និងគ្រប់វេទិកាអន្តរជាតិ ។ ភាគីវៀតណាម ឯកភាពតាមសំណើ របស់សម្តេចតេជោ ដើម្បីបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការក្នុងដំណាក់កាលនៃការអភិវឌ្ឍឧស្សាហកម្ម ៤.០ ។

ឯកឧត្តម លឿង គ្រឿង ប្រធានគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក៏បានជួបសម្តែងការគួរសម និងទទួលអាហារពេលល្ងាចជាមិត្តភាព ជូនចំពោះសម្តេចតេជោ និងគណៈប្រតិភូកម្ពុជា។ ភាគីទាំងពីរគោរពចំពោះ គុណតម្លៃរបស់ ឯកឧត្តមអគ្គលេខាធិការ ជាឥស្សរជនគំរូ និងជាការចងចាំរបស់ប្រជាជនវៀតណាម ក្នុងការដឹកនាំបក្ស និងរដ្ឋវៀតណាមឱ្យមានការជឿនលឿនមកទល់បច្ចុប្បន្ន។ ភាគីទាំងពីរ បានផ្លាស់ប្តូរគ្នាប្រកបដោយមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសាមគ្គីភាព បង្កើននូវការចងចាំនៃមិត្តភាពនិងការតស៊ូពីអតីតកាល ហើយបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរកាន់តែជឿនលឿន ដោយធ្វើការបំពេញគ្នា និងគាំទ្រ គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ និងការរើកចម្រើនរបស់គ្នាទៅវិញទៅមក។

នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃស្ថាប័ន នីតិបញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូររវាងគណៈកម្មការជំនាញនានា និងអគ្គលេខាធិការដ្ឋានរបស់ រដ្ឋសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍នៃការកសាងច្បាប់។ ភាគីទាំងពីរក៏ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានាពេលកន្លងមក តាមរយៈកិច្ចសហការជាប្រចាំ និងការគាំទ្រគ្នា ទៅវិញទៅមកនៅក្នុងវេទិកាសភាពហុភាគី ។

ទាំងថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាវៀតណាម បានសម្តែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតចំ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកចូលរួមដោយផ្ទាល់ ទាំងការគោរពវិញ្ញាណក្ខន្ធ និងបន្តចូលរួមក្នុង ពិធីបញ្ចុះសព។ ការបន្តវប្បធម៌នៃកិច្ចសហប្រតិបត្តិការដ៏ជ្រាលជ្រៅរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តមអគ្គលេខាធិការបក្ស ង្វៀន ហ៊ូចុង គឺជាមរតកសម្រាប់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងសភា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរ ដែល បានកសាងឡើងជាមួយនឹងទំនុកចិត្តដ៏ជ្រាលជ្រៅ និងស្មោះត្រង់ ការគោរពគ្នា និងការយោគយល់គ្នាក្នុងនាមជាមិត្ត ជិតខាងល្អជាប្រពៃណី ដែលមិនត្រឹមតែរវាងកម្ពុជា និងវៀតណាមទេ ក៏សម្តែងនូវមិត្តភាពល្អរវាងកម្ពុជា វៀតណាម ឡាវផងដែរ ដើម្បីឆ្ពោះទៅកាន់អនាគតកាល នៃព្រំដែនប្រកបដោយសន្តិភាព និងការអភិវឌ្ឍ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner