ស៊ីម៉ាក់ ចែករំលែកចំណេះដឹងជំនាញបោសសម្អាតមីនដល់សិក្ខាកាមមកពីប្រទេសកូឡំប៊ី
សៀមរាប៖វគ្គហ្វឹកហ្វឺនស្តីពីការស្រាវជ្រាវទិន្នន័យចម្ការមីន និងបច្ចេកទេសបោសសម្អាតមីន ដែលមានរយៈពេលបីសប្តាហ៍ដែលមានសិក្ខាកាមជនជាតិបរទេសមកពីប្រទេសកូឡុំប៊ីចំនួនប្រាំបួននាក់ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាបក្រោមអធិបតីភាពលោក អ៊ុ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់និងជាតំណាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ។
វគ្គដែលបានបញ្ចប់ផ្តោតលើមុខជំនាញចំនួនបី ។ក្នុងនេះ ១. ការស្រាវជ្រាវទិន្នន័យចម្ការមីន, ២. ការស្រាវជ្រាវមិនបច្ចេកទេស និង៣.ការស្រាវជ្រាវបច្ចេកទេស ។
លោក ធុន សុឃា ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងគ្រប់គ្រងគម្រោងបានឱ្យដឹងថា វគ្គហ្វឹកហ្វឹននេះបានផ្តល់ដល់សិក្ខាកាមកូឡុំប៊ីនូវចំណេះដឹងស្តីពីដំណើរការស្រាវជ្រាវមូលដ្ឋាន (BLS) បូករួមជាមួយការប្រមូលទិន្នន័យយ៉ាងល្អិតល្អន់តាមប្រភពផ្សេងៗគ្នា។ការវិភាគទិន្នន័យអតីតតំបន់សង្គ្រាម ដើម្បីកំណត់ពីតំបន់ដែលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងធ្វើការសិក្សាគ្រប់ជ្រុងជ្រោយនៅនឹងកន្លែង ដើម្បីផ្ទៀងផ្ទាត់ទៅនឹងព័ត៌មាន។
ប្រធានក្រុមសិក្ខាកាមកូឡុំប៊ី លោក អង់ដ្រេ ហ្គយិននីជិ ទីប្រឹក្សាអាយម៉ា បានថ្លែងអំណរគុណដល់ក្រុមការងារស៊ីម៉ាក់ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍នៃការស្រាវជ្រាវយោងលើបទដ្ឋានប្រតិបត្តិការដែលស៊ីម៉ាក់កំពុងអនុវត្ត ។លោកថា ចំណេះដឹងនេះពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងវិស័យបោសសម្អាតមីន ក្នុងន័យនេះប្រទេសកូឡុំប៊ីនឹងធ្វើការសិក្សាបន្ថែមនិងកែសម្រួលបទដ្ឋានប្រតិបត្តិការរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងដំណើរការនៃការស្រាវជ្រាវតាមបែបបច្ចេកទេស និងមិនបច្ចេកទេសដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជា។
បើតាម លោក ហាយ៉ាសិ អាគីហិតុ ទីប្រឹក្សាបច្ចេកទេស និងជាទីប្រឹក្សាតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា) ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស៊ីម៉ាក់ និងប្រទេសកូឡុំប៊ីតាំងពីឆ្នាំ២០១០ និងបានបន្តការហ្វឹកហ្វឺនរហូតមកដល់បច្ចុប្បន្នក្រោមជំនួយពីចៃកា។លោកបានលើកទឹកចិត្តដល់សិក្ខកាមក្នុងការចែករំលែកចំណេះដឹងដែលទទួលបានក្នុងវគ្គហ្វឹកហ្វឺនជាមួយសហការីនិងធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងការបោសសម្អាតមីន។
ចំណែកលោក អ៊ុ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់ បានកោតសរសើរ និងវាយតម្លៃវគ្គហ្វឹកហ្វឺន។លោកបានអរគុណដល់ទីភ្នាក់ងារចៃកា, អាយស៊ីនេត (ICNET)។ ជាពិសេសមន្រ្តីជំនាញអង្គភាពស៊ីម៉ាក់ ដែលបានផ្តល់នូវការគាំទ្រក្នុងបណ្តុះបណ្តាលដល់សិក្ខាកាមកូឡុំប៊ីក្នុងរយៈពេលបីសប្តាហ៍។លោកថា គោលបំណងនៃការផ្តល់ការហ្វឹកហ្វឺន គឺដើម្បីសុវត្ថិភាព និងបង្កើនល្បឿននៃការបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីរួមចំណែកក្នុងការធ្វើឱ្យពិភពលោកនេះគ្មានគ្រាប់មីន៕
ដោយ៖ ប៊ុន រដ្ឋា