ចិន និងរុស្ស៊ីសន្យាទប់ទល់ការបង្កអន្តរាយដោយកម្លាំងបរទេសមកលើអាស៊ាន
វៀងចន្ទន៍: ប្រមុខការទូតចិន និងរុស្ស៊ីបានជួបសមភាគីអាស៊ានរបស់ពួកគេ កាលពីថ្ងៃសុក្រ ក្រោយប្តេជ្ញាប្រឆាំងការបង្កអន្តរាយ និងការជ្រៀតជ្រែក ដោយកម្លាំងបរទេសមកលើអាស៊ាន មួយថ្ងៃមុនពេលរដ្ឋមន្រ្តីការបរទេសអាមេរិកធ្វើដំណើរមកដល់ឡាវ។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីរុស្ស៊ី លោក Sergei Lavrov បានចូលរួមកិច្ចប្រជុំរយៈពេលបីថ្ងៃ នៃប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ដែលមានសមាជិកចំនួន ១០ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Wang និងលោក Lavrov បានយល់ព្រមធ្វើការជាមួយគ្នា នៅក្នុង ការប្រឆាំងរាល់ការប៉ុនប៉ងបង្កអន្តរាយ និងការជ្រៀតជ្រែកដោយកម្លាំងបរទេស នៅក្នុងកិច្ចការអាស៊ីអាគ្នេយ៍ នេះបើយោងតាមក្រសួងការបរទេសរបស់ទីក្រុងមូស្គូ។ លោក Lavrov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកលោកក៏បានពិភាក្សាអំពីផែនការបង្កើតកិច្ចព្រមព្រៀង “ស្ថាបត្យកម្មសន្តិសុខថ្មី” នៅអឺរ៉ាស៊ីផងដែរ។
បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរ លោក Wang បាននិយាយថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយរុស្ស៊ី ក្នុងការគាំទ្រគ្នាយ៉ាងរឹងមាំ និង ការពារផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ កាលពីថ្ងៃសុក្រ លោក Wang បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងបានសាទរចំពោះទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរបស់ទីក្រុងប៉េកាំងជាមួយបណ្តាប្រទេសក្នុងតំបន់នេះ។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីអាស៊ានត្រូវបានគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំរយៈពេលបីថ្ងៃ។ ប៉ុនប៉ុន្តែប្រភពការទូតមួយបានបង្ហើបឱ្យដឹងថា សេចក្តីថ្លែងការណ៍រួមកំពុងត្រូវបានធ្វើឡើង ដោយខ្វះការឯកភាពគ្នាទាក់ទិននឹងជម្លោះមីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូង៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា