Boeing ខាត ១ពាន់លានដុល្លារក្នុងមួយខែ ដោយសារកង្វះគ្រឿងបន្លាស់យន្តហោះ
វ៉ាស៊ីនតោន: ក្រុមហ៊ុន Boeing កំពុងខាតបង់សាច់ប្រាក់ជាង ១ពាន់លានដុល្លារក្នុងមួយខែ ដោយសារយន្តហោះថ្មីរាប់សិបគ្រឿង ប្រឈមមុខនឹងកង្វះគ្រឿងបន្លាស់។
កង្វះគ្រឿងបន្លាស់ និងបញ្ហាផ្សេងទៀត បានធ្វើឱ្យក្រុមហ៊ុន Boeing មិនអាចបញ្ចប់ ឬចែកចាយយន្តហោះប្រហែល ២០០គ្រឿង នេះបើយោងតាមកាសែត Wall Street Journal។
យោងតាមរបាយការណ៍បានឱ្យដឹងថា យន្តហោះខ្លះត្រូវការគ្រឿងបន្លាស់ផ្នែកខាងក្នុង ហើយខ្លះទៀតត្រូវការគ្រឿងម៉ាស៊ីន ខណៈយន្តហោះផ្សេងទៀតត្រូវបានបញ្ចប់ ហើយកំពុងរង់ចាំការដឹកជញ្ជូនទៅកាន់ប្រទេសចិន។
ការពន្យាពេលនេះកើតឡើងដោយសារតែកង្វះខ្សែសង្វាក់ផ្គត់ផ្គង់ នេះបើយោងតាមរបាយការណ៍។ តួយ៉ាង អ្នកផ្គត់ផ្គង់កៅអីមិនអាចបំពេញតម្រូវការបានទេ ដោយសារកង្វះខាតសម្ភារៈ។
ការខាតបង់ប្រាក់ ១ពាន់លានដុល្លារក្នុងមួយខែគឺជាដំណឹងអាក្រក់ចុងក្រោយបំផុតសម្រាប់ក្រុមហ៊ុន Boeing បន្ទាប់ពីទើបទទួលរងផលប៉ះពាល់ពីបញ្ហាសុវត្ថិភាពអាកាសចរណ៍ជាបន្តបន្ទាប់។
សរុបមក ក្រុមហ៊ុនបានចែកចាយយន្តហោះតិចជាង ៩០គ្រឿងនៅឆ្នាំ២០២៤នេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕ ប្រភព: Independent ប្រែសម្រួលដោយ: ឈឹម ទីណា