ព្យុះទីហ្វុង Gaemi វាយប្រហារចិន បង្ខំឱ្យមនុស្សជិត ៣០ម៉ឺននាក់ភៀសខ្លួនជាបន្ទាន់
ប៉េកាំង៖ អាជ្ញាធរបានជម្លៀសមនុស្សជិត ៣០០,០០០នាក់ និងបានផ្អាកសេវាដឹកជញ្ជូនសាធារណៈនៅទូទាំងភាគខាងកើតប្រទេសចិន កាលពីថ្ងៃសុក្រ ខណៈដែលព្យុះទីហ្វុង Gaemi បាននាំមកនូវភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក ក្រោយទើបផ្តាច់ជីវិតមនុស្ស ៥នាក់នៅកោះតៃវ៉ាន់។
អាជ្ញាធរចិនបានព្រមានថា ព្យុះទីហ្វុង Gaemi កំពុងនាំមកនូវភ្លៀងធ្លាក់ខ្លាំង ដែលអាចបណ្តាលឱ្យមានទឹកជំនន់។ ទន្ទឹមគ្នា ពួកគេបានជម្លៀសប្រជាជនរស់នៅខេត្ត Fujian ជាង ២៩០,០០០នាក់ចេញពីផ្ទះសម្បែងទៅកាន់ទីទួលមានសុវត្ថិភាព និងបានបិទសេវាដឹកជញ្ជូនសាធារណៈ ការិយាល័យ សាលារៀន និងផ្សារតូច-ធំនៅក្នុងទីក្រុងមួយចំនួន។
ចំណែកនៅក្នុងខេត្ត Zhejiang ដែលនៅជិតខាងគ្នា វីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃសុក្រ បានបញ្ចេញរូបភាពផ្លូវបានប្រែក្លាយទៅជាទន្លេ និងដើមឈើដួលរលំពាសពេញផ្លូវ។ ទីក្រុង Wenzhou នៃខេត្ត Zhejiang ដែលមានប្រជាជនចំនួន ៩លាននាក់បានចេញការព្រមានខ្ពស់បំផុតពីព្យុះភ្លៀង ហើយថែមទាំងបានជម្លៀសមនុស្សជិត ៧,០០០នាក់ នេះបើយោងតាមទូរទស្សន៍ CCTV។
ព្យុះទីហ្វុងដ៏កំណាចនេះ ក៏ត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងវាយប្រហារលើភាគកណ្តាលខេត្ត Jiangxi និង Henan ផងដែរ។
គួរបញ្ជាក់ថា Gaemi គឺជាព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតមួយ ដែលបានវាយប្រហារកាលពីថ្ងៃប្រហស្បតិ៍ទៅលើកោះតៃវ៉ាន់ក្នុងរយៈពេល៨ឆ្នាំ ដោយវាបានបង្កជាទឹកជំនន់ជន់លិចផ្នែកខ្លះនៃទីក្រុងធំបំផុតទីពីររបស់កោះតៃវ៉ាន់។
ជាងនេះទៅទៀត ព្យុះទីហ្វុង Gaemi ក៏បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅប្រទេសហ្វីលីពីន ដែលបង្កជាទឹកជំនន់ និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្ស ៣០នាក់ នេះបើយោងតាមតួលេខរបស់ប៉ូលីសហ្វីលីពីនកាលពីថ្ងៃសុក្រ។ បន្ថែមលើនេះ នាវាដឹកប្រេងចំនួន ១,៤លានលីត្រក៏ត្រូវបានព្យុះទីហ្វុងនេះ បោកបក់ពន្លិចទៅក្នុងទឹកសមុទ្រនៅទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា