ប្រធានគណបក្សខ្មែរអភិរក្ស៖ ការលើកឡើងរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ គឺជាការញុះញង់ បំបែកបំបាក់ និងបំផ្លាញជាតិខ្លួនឯង

ភ្នំពេញ៖ ប្រធានគណបក្សខ្មែរអភិរក្ស បានហៅការលើកឡើងរបស់ជនក្បត់ជាតិ ៣ជំនាន់ តាមវិទ្យុបរទេសនៅក្រៅស្រុក ដែលចោទថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ត្រូវបានកាត់ដីប្រទេសកម្ពុជាឱ្យទៅប្រទេសវៀតណាមក្នុងខេត្តចំនួន៤ គឺជាការញុះញង់ បំបែកបំបាក់ និងបំផ្លាញជាតិខ្លួនឯងតែប៉ុណ្ណោះ។

ឯកឧត្តម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានថ្លែងថា ចំពោះសម្តីរបស់ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ ៣ជំនាន់ ដែលសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗនេះ គឺមិនមានអ្វីចម្លែកទេ វាដដែលៗ គ្មានមូលដ្ឋានច្បាស់លាស់ និយាយតាមអារម្មណ៍នឹកឃើញរវើរវាយដើម្បីធ្វើជាប្រជាភិថុត កេងចំណេញនយោបាយស្មោគគ្រោក ទុច្ចរិត ញុះញង់ បំបែកបំបាក់ បំផ្លាញជាតិខ្លួនឯងតែជារៀងរហូតមក។ ចំពោះរូបឯកឧត្តមដែលធ្លាប់ឆ្លងកាត់ស្តាប់នូវភាសាអំនួតយកមេឃទ្រាប់អង្គុយរបស់ជនក្បត់ជាតិរូបនេះ គឺវាគ្មានន័យអ្វីទេ ហើយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសនាពេលបច្ចុប្បន្ន គឺបានដឹងច្បាស់អស់ទៅហើយថា ជនក្បត់ជាតិរូបនេះ ជាបុគ្គលចោរម្សៀត ក្បត់ជាតិ៣ជំនាន់យ៉ាងណានោះ។

ឯកឧត្តមបានបន្តថា ជនក្បត់ជាតិ៣ជំនាន់រូបនេះ គឺជាបុគ្គលដែលចូលចិត្តអំនួតខ្លួនឯង ចេះស្នេហាជាតិតែឯង ត្រឹមត្រូវតែឯង ចេះដឹងតែឯង។ បើទោះបីជាសម្តេចតេជោ ហ៊ុន សែន ឬសម្តេចធិបតី ហ៊ុន ម៉ាណែត ឬក៏អ្នកចេះដឹងណាក៏ដោយក៏មិនដល់គាត់ដែរ ហើយជនក្បត់ជាតិរូបនេះស្តាប់មិនចូលត្រចៀកទេ ដូចជាចាក់ទឹកលើក្បាលទា ឬក្របីមើលឡានអ៊ីចឹង។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានដឹងច្បាស់ហើយថា ទណ្ឌិតក្បត់ជាតិរូបនេះ គឺជាបុគ្គលអត់ប្រយោជន៍ចោលម្សៀតចេះតែមួយមុខ គឺបំផ្លាញជាតិតែប៉ុណ្ណោះ។ អ្នកដែលក្បត់ជាតិមិនមែនសម្តេចតេជោ ហ៊ុន សែន មិនមែនត្រកូល ហ៊ុន នោះទេ គឺត្រកូល៣ជំនាន់របស់សមរង្ស៊ីនោះហើយ។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានថ្លែងសារពិសេសពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្រោយមានការញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។ តាមរយៈសារពិសេសសម្តេចតេជោ បានទាត់ចោលចំពោះការចោទប្រកាន់ថា កម្ពុជាចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីខ្មែរទៅក្នុងដីរបស់វៀតណាម តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ។ សម្តេចតេជោ បញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេច មិនបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជាទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ៕
ដោយ៖ពលជ័យ

ads banner