នាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅជូនកងកម្លាំងចម្រុះពីរគោលដៅដែលកំពុងអនុវត្តបទបញ្ជាបង្រ្កាបបទល្មើសធនធានធម្មជាតិ
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយក អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនកងកម្លាំងចម្រុះដែលកំពុងបំពេញ បេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់អូរអាចម៍ដែក និងតំបន់ព្រៃសហគមន៍ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។
អំណោយមានស្បៀងអាហារ,សម្ភារៈប្រើប្រាស់ និងស័ង្កសី ក្នុងនេះមាន អង្ករ ប្រេងសាំង មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ សង្ក័សី និងថវិកាមួយចំនួន។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ការពារគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ បានកោតសរសើរកម្លាំងចម្រុះ ដែលបានអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីការពារធនធានធម្មជាតិ ដូចភ្លៀងរលឹមមិនឱ្យមានការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធបានតទៅទៀត៕
ដោយ៖ ប៊ុន រដ្ឋា