IOC សុំទោសចំពោះការប្រកាសច្រលំអត្តពលិកកូរ៉េខាងត្បូងទៅជាកូរ៉េខាងជើង
អ្នករៀបចំកីឡាអូឡាំពិក បានចេញមុខសុំទោស ចំពោះការប្រកាសច្រលំ ដោយបានហៅអត្តពលិកកូរ៉េខាងត្បូងថា ជាកូរ៉េខាងជើង។
ប៉ារីស. អ្នករៀបចំការប្រកួតកីឡាអូឡាំពិក បាននិយាយថា ពួកគេចង់សុំទោសយ៉ាងជ្រាលជ្រៅ ចំពោះការប្រកាសអត្តពលិកកូរ៉េខាងត្បូង ក្នុងនាមជាប្រទេសកូរ៉េខាងជើង ក្នុងអំឡុងពិធីបើកកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ កាលពីថ្ងៃសុក្រ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បាន
បង្ហោះសារនៅលើបណ្តាញសង្គម X ជាភាសាកូរ៉េថា យើងសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះកំហុសឆ្គងដែលបានកើតឡើង នៅពេលណែនាំក្រុមអត្តពលិកកូរ៉េខាងត្បូង ក្នុងអំឡុងពេលនៃការចាក់ផ្សាយ។
កំហុសនេះបានកើតឡើងនៅពេលដែលអ្នកប្រកាសក្នុងពិធីបើក ទាំងភាសាបារាំង និងអង់គ្លេសបានណែនាំក្បួនទូកអត្តពលិកកូរ៉េខាងត្បូងថា ជា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឈ្មោះផ្លូវការប្រទេសកូរ៉េខាងជើង ជំនួសឱ្យ សាធារណរដ្ឋកូរ៉េ ដែលជាឈ្មោះផ្លូវការរបស់កូរ៉េខាងត្បូង។
ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach បានហៅទូរស័ព្ទទៅកាន់លោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃសៅរ៍ ហើយបានសុំទោសចំពោះឧប្បត្តិហេតុនេះ។
នាឱកាសនោះ លោក Yoon បានប្រាប់ Bach ថាប្រជាជនកូរ៉េខាងត្បូង “តក់ស្លុត និងអាម៉ាស់ជាខ្លាំង” ចំពោះឧបទ្ទវហេតុនេះ ហើយបានសុំឱ្យគាត់ផ្តល់ការសុំទោស តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម ក៏ដូចជាការពារកុំឱ្យកើតមានកំហុសស្រដៀងគ្នានេះទៀត។ លោក Bach បានប្រាប់លោក Yoon វិញថា គាត់នឹងចាត់វិធានការទាំងអស់ តាមដែលអាចធ្វើទៅបាន នេះបើយោងតាមការិយាល័យរបស់លោក Yoon។
សូមរម្លឹកថា ឧបទ្វីបកូរ៉េត្រូវបានបែងចែកទៅជាពីរប្រទេស គឺកូរ៉េខាងត្បូង និងកូរ៉េខាងជើង ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរក្នុងឆ្នាំ ១៩៥៥៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា