ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អបអរសាទរ និងគាំទ្រអត្តពលិកកម្ពុជា នៅក្នុងការប្រកួតកីឡអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នៅប្រទេសបារាំង
(ភ្នំពេញ)៖ នៅលើបណ្តាញសង្គមFacebook ផ្លូវការ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ពីកម្ពុជា យើងសូមចូលរួមអបអរសាទរ និងគាំទ្រអត្តពលិកកម្ពុជាដែលតំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅក្នុងការប្រកួតកីឡអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នោទីក្រុងប្រារីស ប្រទេសបារាំង។
ឯកឧត្តម បន្ថែមថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ដែលមានមនុស្សរាប់ពាន់នាក់ឈរមើលតាមដងទន្លេ។ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះដែរ ក្បួនកីឡាបានដង្ហែតាមដងទន្លេស្ទឹងសែនប៉ារីស (La Seine) ដោយឆ្លងកាត់ទីតាំងល្បីល្បាញជាច្រើននៃទីក្រុងប៉ារីស។ កីឡាអូឡាំពិករដូវក្តៅ គឺជាព្រឹត្តការណ៍កីឡាសកលដ៏ធំរបស់ពិភពលោក ដែលត្រូវបានរៀបចំរៀងរាល់ ៤ ឆ្នាំម្តង។ កីឡានេះមានប្រវត្តិដ៏យូរលង់ដែលបានចាប់កំណើតក្នុងសម័យកាលក្រិកបូរាណ។ ព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមបញ្ជូនកីឡាកររបស់ខ្លួនទៅចូលរួមក្នុង កីឡាអូឡាំពិក កាលពីឆ្នាំ១៩៥៦ តែបានខកខានរហូតដល់ឆ្នាំ២០០០ ពោលគឺក្រោយពីប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ ។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់នូវការរា់រានមានជីវិតនៃកីឡា អាស្រ័យដោយកត្តាសុខសន្តិភាព។
ជយោ! កីឡាករកម្ពុជា!
កីឡារស់ក្នុងសន្តិភាព ៕
ដោយ ៖ ង៉ាន់ ទិត្យ