ភ្លើងឆេះព្រៃធំបំផុតមិនធ្លាប់មានលេបត្របាក់រដ្ឋកាលីហ្វ័រញ៉ា
កាលីហ្វ័រញ៉ា៖ អាជ្ញាធរបានរាយការណ៍កាលពីថ្ងៃសៅរថា ភ្លើងឆេះព្រៃដែលបានវាយប្រហារនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បានក្លាយជាអគ្គិភ័យដ៏ធំបំផុតមិនធ្លាប់មានសម្រាប់រដ្ឋភាគខាងលិចរបស់សហរដ្ឋអាមេរិកនេះ។
ទីភ្នាក់ងាររដ្ឋ Cal Fire បាននិយាយថា ភ្លើងឆេះព្រៃមានឈ្មោះថា Park Fire បានលេបត្របាក់ផ្ទៃដីជិត ១៤២,០០០ហិកតា គិតត្រឹមព្រឹកព្រលឹមថ្ងៃទី ២៧ ខែកក្កដា ធ្វើឱ្យវាក្លាយជាភ្លើងឆេះព្រៃទី៧ ដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររដ្ឋកាលីហ្វ័រញ៉ា។ ភ្លើងឆេះព្រៃដែលបានបញ្ជាឱ្យមនុស្សជាង ៤,០០០នាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនេះ បានកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅតាមតំបន់ភ្នំ និងទីជនបទនៅជិតទីក្រុង Chico មានចម្ងាយប្រហែល ១៤៥គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Sacramento នៃរដ្ឋកាលីហ្វ័រញ៉ា។
ទីភ្នាក់ងារនេះបានបញ្ជាក់ថា លក្ខខណ្ឌភ្លើងឆេះព្រៃកាន់តែអាក្រក់ ដែលបានក្លាយជាបញ្ហាប្រឈមរបស់អ្នកពន្លត់អគ្គិភ័យ។ ហើយសម្រាប់ពេលនេះ មន្រ្តីពន្លត់អគ្គិភ័យមិនអាចគ្រប់គ្រងវាបានទេ បើទោះបីជាមានការខិតខំប្រឹងប្រែងពីបុគ្គលិកប្រហែល ២,៥០០នាក់ បូករួមនឹងឧទ្ធម្ភាគចក្រជាង១០គ្រឿង និងយន្តហោះជាច្រើនគ្រឿងទៀតក៏ដោយ។
ភ្លើងឆេះព្រៃនេះបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកក្កដា នៅជិតទីក្រុង Chico ក្នុងតំបន់ Butte County ហើយក្នុងពេលប៉ុន្មានម៉ោងប៉ុណ្ណោះ វាបានឆេះបំផ្លាញតំបន់យ៉ាងធំទូលាយនៅទីនោះ និងក្នុងតំបន់ Tehama County ដែលនៅជិតខាង។ ទន្ទឹមគ្នា សំណង់ចំនួន ១៣៤ ត្រូវបានបំផ្លាញដោយភ្លើង។ អ្នកជំនាញបាននិយាយថា ការប្រែប្រួលអាកាសធាតុ និងសកម្មភាពរបស់មនុស្សផ្ទាល់ កំពុងនាំឱ្យមានព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗកើតឡើងកាន់តែញឹកញាប់ជាងមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា