លោក ត្រាំ ព្រមានថា បើលោកស្រី ហារីស ឈ្នះឆ្នោតសង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើង
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានអះអាងថា ប្រសិនបើលោកស្រី កាម៉ាឡា ហារីស ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក នោះសង្រ្គាមធំនៅមជ្ឈិមបូព៌ា ឬ ប្រហែលជាសង្រ្គាមលោកលើកទី៣នឹងផ្ទុះឡើង។ ហើយលោក ត្រាំ ថែមទាំងបានចោទប្រកាន់លោក ហារីស និងលោក ចូ បៃដិន ម្តងហើយម្តងទៀតថាបានអូសអាមេរិកឆ្ពោះទៅរកជម្លោះជាសកល។
ថ្លែងនៅមុនកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃសុក្រ លោក ត្រាំ បានប្តេជ្ញាថា សង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ នឹងបញ្ឈប់យ៉ាងលឿនបំផុត ប្រសិនបើគាត់វិលត្រលប់ទៅកាន់សេតវិមានវិញ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា ប្រសិនបើយើងមិនឆាប់បញ្ឈប់វាទេ… យើងនឹងបញ្ចប់ដោយសង្គ្រាមធំៗនៅមជ្ឈិមបូព៌ា ហើយប្រហែលជាសង្រ្គាមលោកលើកទី៣… ហើយឥឡូវនេះយើងកំពុងខិតទៅជិតសង្រ្គាមលោកលើកទី៣ ជាងពេលណាៗទាំងអស់។ ចាប់តាំងពីសង្រ្គាមលោកលើកទី២មក យើងមិនដែលខិតទៅជិតបែបនេះទេ ដោយសារតែយើងមានមនុស្សអសមត្ថភាពដឹកនាំប្រទេស។
បន្ថែមលើនេះ លោក ត្រាំ ក៏បានចោទប្រកាន់លោក បៃដិន និងលោកស្រី ហារីស ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែនកាលពីឆ្នាំ ២០២២ផងដែរ ដោយលោកបានអះអាងថា ជម្លោះនេះនឹងមិនកើតឡើងទេ ប្រសិនបើគាត់កាន់អំណាច ហើយបានសន្យាថា នឹងនាំរុស្ស៊ី និងអ៊ុយក្រែនទៅកាន់តុចរចា ក្នុងរយៈពេល ២៤ម៉ោង។ ប្រសិនបើលោកឈ្នះបោះឆ្នោតនៅខែវិច្ឆិកា៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា