ឯកឧត្តម ចាយ បូរិន នាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូន ឯកឧត្តម សេង លឹមនៅ ដល់គេហដ្ឋាន
ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំប្រតិភូអញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនឯកឧត្តម សេង លឹមនៅ ទីប្រឹក្សារាជរដ្ឋាភិបាល ដល់គេហដ្ឋានស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែន សុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។
ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមសេង លឹមនៅ និងក្រុមគ្រួសារ ។
ឯកឧត្តម សេង លឹមនៅ ដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំតាមប្រពៃណីដ៏ល្អផូរផង់បន្តពីសម្តេចតេជោ ហ៊ុន សែន គឺការយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។
ឯកឧត្តមក៏បានរម្លឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមធ្លាប់បានឆ្លងកាត់ និងការបំពេញការងារជូនជាតិមាតុភូមិ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ ។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ឯកឧត្តមបានចូលបម្រើការងារផ្នែកឱសថនៅក្រសួងសុខាភិបាល ព្រឹទ្ធបុរសរងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បច្ចុប្បន្នទីប្រឹក្សារាជរដ្ឋាភិបាល ៕
ដោយ ៖ ហេង សម្បត្តិ