ឯកឧត្តម ហួត ហាក់ ស្នើឱ្យក្រុមការងារបន្តការចុះសាកសួរសុខទុក្ខ និងដោះស្រាយ តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លួន
កំពង់ចាម៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលនៅក្នុងឆមាសទី១ បានធ្វើសកម្មភាពជាច្រើន និងជំរុញឱ្យបន្តការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានស្របតាមទិសដៅការងារដែលបានដាក់ចេញដោយគណបក្សស្រុក និងបាន ស្នើឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់បន្ថែមលើ ថែរក្សាសន្តិភាព សមិទ្ធផលដែលមាននាពេលកន្លងមក និងពូនជ្រុំ កសាងសមិទ្ធផលថ្មីៗបន្ថែមទៀត។ បន្តការចុះសាកសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង និងឱ្យចំតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លួន ។
ឯកឧត្តម ហួត ហាក់ ស្នើអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ដល់ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អនៅមូលដ្ឋាន និងជាប់ជាប្រចាំ ក្តាប់ឱ្យបាននិន្នាការប្រឆាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងវាយបកឱ្យបានទាន់ពេលវេលាចំពោះការចោទប្រកាន់នានាពីក្រុមអគតិនានា ជាពិសេសការប្រឆាំងដាច់ខាតនឹងបដិវត្តន៍ពណ៌ និងនយោបាយជ្រុលនិយម ។
ឯកឧត្តមប្រធានក្រុមការងារ សូមឱ្យគណៈកម្មាធិការគណបក្សស្រុក ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ សហការជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំទាំង ១២ ចូលរួម និងជំរុញឱ្យបានផុសផុលក្នុងការទូងស្គរ បាញ់កាំជ្រួច នៅគ្រប់ទីកន្លែងដែលអាចធ្វើបាន (ទីវត្តអារាម និងទីកន្លែងផ្សេងៗ) ដើម្បីបង្ហាញការគាំទ្រចលនាជាតិនៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០៩ ព្រឹក ក្នុងឱកាសនៃពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ