ប្រជាពលរដ្ឋខេត្តកំពង់ធំជាង ៤ ០០០នាក់ បានទទួលការពិនិត្យព្យាបាលពីគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ
កំពង់ធំ៖ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៤នៅខេត្តកំពង់ធំតាមរយៈ«កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» គ្រូពេទ្យកូរ៉េនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងប៊ុកដូ (GBMV) នៃសាធារណរដ្ឋកូរ៉េមួយក្រុមចំនួន ៩២នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត លី ហ្គីហូ (Lee Gilho) ប្រធានសមាគម GBMV សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន ពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃលើជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះ ពោះវៀន រោគស្រ្តី ជំងឺកុមារ ចក្ខុរោគ ចាក់ម្ជុលវិទ្យាសាស្រ្ត ព្រមទាំងពិនិត្យឈាម។
រយៈពេលបីថ្ងៃក្រុមគ្រូពេទ្យកូរ៉េបានពិនិត្យជូនប្រជាពលរដ្ឋចំនួន ៤ ៤៥៥នាក់ ដែលមានករណីជំងឺសរុបចំនួន ១២ ៧៨៩ករណី ។
សកម្មភាពពិនិត្យព្យាបាលជំងឺនេះក៏មានការរួមពីក្រុមការងារនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ក្រុមយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងអ្នកបកប្រែស្ម័គ្រចិត្តភាសាកូរ៉េ-ខ្មែរជាច្រើននាក់ទៀត។
សូមជម្រាបថា ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម សួស យ៉ារ៉ា «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» បានដំណើរការចាប់ផ្តើមតាំងពីឆ្នាំ២០១៣។សកម្មភាពនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការមនុស្សធម៌ និងការលើកកម្ពស់សុខភាពប្រជាជននៅកម្ពុជា។គិតចាប់តាំងពីឆ្នាំ២០១៣មក កម្មវិធីនេះបាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ មកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋសរុបជាង ៣៤ ០០០នាក់ ។ក្រុមគ្រូពេទ្យកូរ៉េក៏បាននាំយកនូវជំនួយជាសម្ភារៈបរិក្ខារវេជ្ជសាស្រ្តនិងឱសថជាច្រើនទៀត ផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្តមួយចំនួនទៀត។
ដោយឡែកការព្យាបាលជំងឺដោយឥតគិតថ្លៃនៅឆ្នាំ២០២៤នេះ រួមទាំងការបរិច្ចាគឱសថនិងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងការបំពាក់ម៉ាស៊ីនត្រជាក់នៅបន្ទប់ព្យាបាលជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ រួមទាំងថ្លៃធ្វើដំណើរ ស្នាក់នៅ ហូបចុករបស់ក្រុមគ្រូពេទ្យ បានចំណាយថវិកាប្រមាណ ៥០ម៉ឺនដុល្លារ។
ឯកឧត្តម លី ចូ វូ(Lee Cheol Woo) អភិបាលខេត្តឃ្យុងសាងប៊ុកដូ បានសន្យាថានឹងបញ្ជូនក្រុមគ្រូពេទ្យកូរ៉េនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងប៊ុកដូមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋខេត្តកំពង់ធំដោយឥតគិតថ្លៃជារៀងរាល់ឆ្នាំ៕
ដោយ៖ប៊ុនរដ្ឋា