ក្រសួងបរិស្ថាន ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រារព្ធទិវាសត្វខ្លាធំ
ភ្នំពេញ៖ ក្រសួងបរិស្ថាន ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ W.A បានរៀបចំប្រារព្ធទិវាសត្វខ្លាធំដើម្បីបង្ហាញការយល់ដឹងដល់សាធារណជនពីគម្រោងស្តារប្រភេទសត្វនេះឡើងវិញ បន្ទាប់ពីត្រូវបានអ្នកជំនាញវាយតម្លៃថា បានដាននៅក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជានៅឆ្នាំ២០០៧។ទិវាសត្វខ្លាធំ ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ធ្វើមុនពេលការមកដល់នៃសត្វខ្លាធំ ដែលជាអំណោយពីប្រទេសឥណ្ឌាដល់រាជរដ្ឋាភិបាលកម្ពុជា នៅចុងរដូលម្ហើយខាងមុខនេះ។
លោក Jorge Saavedra តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) បានថ្លែងថា ក្រោមកិច្ចសហការ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការជាមួយគ្នាក្នុងការការពារតំបន់ព្រៃជួរភ្នំក្រវាញខាងត្បូង សម្រាប់គម្រោងស្តារសត្វខ្លាធំជាលើកដំបូងឡើងវិញ។ ខ្លាធំចំនួន៤ក្បាល ដែលក្នុងនោះមានខ្លាធំញីចំនួន៣ក្បាល នឹងត្រូវដឹកចេញពីតំបន់មួយនៃប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជា។
លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ថា សត្វខ្លាធំទាំង៤ក្បាលនោះ នឹងមកដល់កម្ពុជានៅចុងឆ្នាំ២០២៤នេះ ឬដើមឆ្នាំ២០២៥។ នៅពេលមកដល់នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ហើយត្រូវតាមដានដោយការត្បាតរបស់មន្ត្រីឧទ្យានុរក្ស ការបំពាក់វិទ្យុទាក់ទង(GPS)លើ ក សត្វខ្លា ការតាមដានដំណើរសត្វខ្លាពីផ្កាយរណប ជាដើម។
ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចស្តារសត្វខ្លាធំជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ និងបន្ទាប់មកនៅតំបន់ខ្ពង់រាបភាគខាងកើត បន្ទាប់ពីត្រូវបានអន្តរជាតិចាត់ជាប្រទេស ដែលមានទីជម្រកសមស្របសម្រាប់ការស្តារសត្វខ្លាធំឡើងវិញ។ ឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា «ក្រសួងបរិស្ថាន សហការជាមួយភាគីឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ស្ដារសត្វខ្លាធំនៅតំបន់ជួរភ្នំក្រវាញ ការសិក្សាចំនួនសត្វរំពារនិងជម្រក ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្រាប់ការស្តារសត្វធំ ការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ការលើកកម្ពស់ជីវភាពសហគមន៍ ការលើកកម្ពល់ការយល់ដឹងពីការអភិរក្សជីវៈចម្រុះ និងសត្វខ្លាធំដល់សហគមន៍មូលដ្ឋាន ជាដើម»។
គួរបញ្ជាក់ផងដែរថា គម្រោងស្តារសត្វខ្លាធំ ឬ ខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីស្តារឡើងវិញ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក គ្រាដែលវត្តមានរបស់វាធ្លាប់បានរកឃើញ នៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា