កម្ពុជា កំពុងសិក្សាលើការផ្ទេរថ្នាលផ្ទៀងផ្ទាត់ឯកសារ ដល់ ឡាវ ដើម្បីរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថល
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្ពុជា បាននិងកំពុងសិក្សាលើការផ្ទេរថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជូនដល់ភាគីឡាវ (verify.gov.la) ដើម្បីរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងក្រសួងបច្ចេកវិទ្យានិងគមនាគមន៍។
ការពិចារណាទៅលើការផ្ទេរ បច្ចេកវិទ្យាឌីជីថលនេះ ធ្វើឡើង ក្នុងឱកាស ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម Boviengkham Vongdara រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក៏ដូចជារឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បាននាំយកនូវកុំព្យូរទ័រចំនួន ៣០០ គ្រឿង ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
បន្ថែមលើនេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ ហើយឆ្លៀតក្នុងឱកាស នោះផងដែរ ក្រសួងក៏បាន សម្រេចផ្តល់អាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ចំនួន ១០កន្លែង ដើម្បីជួយបណ្តុះបណ្តាល ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល រវាងក្រសួងទាំងពីរ ។
គួររំលឹកផងដែរថា “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអនុវត្តដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើ ថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕
ដោយ ៖ ង៉ាន់ ទិត្យ