តំណាងក្រុមយុវជនខេត្តសៀមរាប គាំទ្រនិងអបអរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
សៀមរាប៖ ចូលរួមអបអរសាទពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ តំណាងសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប តំណាងក្រុមយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប និងអ្នកគ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែនវត្តស្វាយ គ្រប់គ្រងយុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធប្រចាំសាលា បានប្រកាសត្រៀមលក្ខណៈរួចជាស្រេច ដើម្បីអបអរសាទរពិធីបើកការដ្ឋានជាប្រវត្តិសាស្រ្ត និងប្រកបដោយចក្ខុវិស័យវែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលបន្តអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។
តំណាងសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប បានបញ្ជាក់ពីការសប្បាយចិត្ត ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ និងបានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមទូងស្គរ គោះត្រដោក ដើម្បីនិងអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកជាប្រវត្តិសាស្រ្ត ។
ចំណែកលោក សឹង្ហ សំរិទ្ធ អនុប្រធានក្រុមយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បានបង្ហាញចំណាប់អារម្មណ៍ថា ក្នុងនាមជាយុវជនរបស់កម្ពុជា ពិទជាគាំទ្រពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះព្រែកជីកជាប្រវត្តិសាស្ត្រនេះ គឺជាមរតកដ៏ថ្លៃថ្លា ដែលជួយឲ្យកម្ពុជា ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ជាពិសេស ការដឹកជញ្ជូននៅលើផ្លូវទឹក និងដឹកជញ្ជូនទំនិញផ្សេងៗ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានចំណូលបន្ថែម និងធ្វើឲ្យមានការទាក់ទាញវិនិយោគ ជាពិសេស អ្នកវិនិយោគធំៗ ដែលមានបំណងមកវិនិយោគនៅកម្ពុជា នេះផងដែរ។
តាងនាមឱ្យយុវជនក្រុម១៥៧ សាខាខេត្តសៀមរាប គឺបានប្ដេជ្ញាចិត្ត និងត្រៀមខ្លួនយ៉ាងរួចរាល់នៅវេលាម៉ោង ៩ព្រឹក ដោយធ្វើការទូងស្គរ គោះប៉ោត ដើម្បីគាំទ្រ ទោះក្នុងកាលៈទេសៈណាក៏ដោយ បើយើងមិនមានអីគោះ ក៏ទះដៃគាំទ្រ គោះនូវវត្ថុផ្សេងៗដែលយើងមាន ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីក ជាប្រវត្តិសាស្ត្រនេះ ។
ក្នុងនាមជាពលរដ្ឋមួយរូប លោកក៏បានអំពាវនាវដល់លោកតា លោកយាយ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងនៅក្នុងប្រទេស និងពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសទាំងអស់ សូមចូលរួមគាំទ្រឲ្យបានច្រើន ដើម្បីបង្កើតឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ឱ្យបានខ្លាំងក្លៀវក្លា ក្នុងនាមជាពលរដ្ឋខ្មែរ ព្រោះនេះ គឺជាមរតកខ្មែរ ដែលបន្សល់ទុកទៅដល់កូនចៅ ជំនាន់ក្រោយរាប់ឆ្នាំទៅមុខទៀត ។
ដូចគ្នានេះដែរ អ្នកគ្រូ ចាន់ ថេន គ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែនវត្តស្វាយ គ្រប់គ្រងយុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធប្រចាំសាលា បានបង្ហាញអារម្មណ៍រីករាយ និងគាំទ្រព្រែកជីកហ្វូណនតេជោ ដោយសារទី១-យើងកាត់បន្ថយការលិចលង់, ទី២- យើងមានផ្លូវទឹកមួយឯករាជ្យខ្លួនឯងដោយមិនពឹងអ្នកជិតខាង ។
ក្នុងនាមវិទ្យាល័យ អ្នកគ្រូដែលដឹកនាំក្រុមយុវជនកាកបាទក្រហម និងក្រុមយុវជនកាយរិទ្ធប្រចាំសាលា បានប្រកាសត្រៀមខ្លួន ដូចជា ស្គរ ប៉ោត ក៏ដូចជាឧបករណ៍ សម្រាប់គោះ ឬទះ ដើម្បីអបអរសាទរ និងជូនពរឲ្យគម្រោងព្រែកជីកហ្វូណនតេជោ ទទួលបានជោគជ័យ ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្រ្ត និងជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងតភ្ជាប់ពីប្រព័ន្ធដៃទន្លេមេគង្គ រហូតដល់សមុទ្រខេត្តកែប មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ ព្រែកជីកនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្នុងខេត្តកែប និងខេត្តកំពត ជាពិសេស អ្នកដែលរស់នៅអមសងខាងព្រែកជីកនេះ ដូចជា កាត់បន្ថយរយៈចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន ចំណេញពេលវេលា បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ព្រមទាំងការអភិវឌ្ឍផែរណបថ្មីៗ ជាច្រើន និងការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងចិញ្ចឹមសត្វជាដើម ។
ទន្ទឹមនេះ បើយោងតាមសារាចររាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការអបអរសាទរ ការបើកការដ្ឋានសាងសង់ ព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បានណែនាំដល់មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រគម្រោងនេះ ចូលរួមគោះជួង និងទូងស្គរព្រមៗគ្នា ដើម្បីអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង ០៩នាទីព្រឹក ៕
អត្ថបទ៖ វណ្ណលុក , រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត