សហព័ន្ធបានធ្វើកំណែទម្រង់ និងធ្វើការកែសម្រួលនូវបទបញ្ជា បច្ចេកទេសគ្រប់គ្រងការប្រកួតឲ្យស្របគ្នា តាមស្នង់ដារតែមួយ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គូសបញ្ជាក់ថា ទោះជាសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានមន្ត្រី គ្រប់គ្រង ការប្រកួត គណៈវិនិច្ឆ័យ អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសគ្រប់​ជំនាញទាំងអស់ក៏ដោយ ក៏នៅមានការខ្វះខាត ធ្វើឲ្យមានការមិនសប្បាយចិត្ត ពីភាគីម្ខាងទៀត និងពីមហាជនគាំទ្រនូវវិស័យកីឡាប្រដាល់គុនខ្មែរ​របស់យើងផងដែរ។ ដើម្បីធ្វើការ លុបបំបាត់នូវបញ្ហាខ្វះខាត់ទាំងឡាយនេះ សហព័ន្ធបានធ្វើកំណែទម្រង់ និងធ្វើការកែសម្រួលនូវបទបញ្ជា បច្ចេកទេសគ្រប់គ្រងការប្រកួតឲ្យស្របគ្នា តាមស្នង់ដារតែមួយ។
ការលើកឡើង របស់ប្រធានសហព័ន្ធឌប្រដាល់គុនខ្មែរ បានធ្វើឡើង ក្នុងវគ្គបំប៉នមន្ត្រីគ្រប់គ្រងការប្រកួត អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់​គុនខ្មែរ នាព្រឹកថ្ងៃទី២៩ ខែ កក្តដា ឆ្នាំ២០២៤។

ឯកឧត្តម បានអះអាងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំវគ្គបំប៉នដល់មន្ត្រីគ្រប់គ្រងការប្រកួត អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែររយៈពេល៣ថ្ងៃនេះ គឺដើម្បីពង្រីកនូវធនធានមនុស្ស ពង្រឹងនូវបច្ចេកទេស ជំនាញ និងក្រមសីលធម៌ ដើម្បី ប្រសិទ្ធភាពការងារ កាត់បន្ថយបញ្ហាប្រឈមនានា ដែលតែងតែផ្តើមចេញពីការអនុវត្តមិនគ្រប់ជ្រុងជ្រោយ របស់មន្ត្រីក្នុងរយៈពេលកន្លងមក។ តាមរយៈវគ្គបំប៉ននេះ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស ដើម្បីចូលរួមជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននឹងកំពុងយកចិត្តទុកដាក់ធ្វើកំណែទម្រង់ ដើម្បីអភិវឌ្ឍលើមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក ជាពិសេសកីឡាករ-កីឡាការិនី ទាំងកីឡាករពេញវ័យ និងកីឡាករថ្នាល។

ឯកឧត្តម ខូវ ឆាយ សូមឱ្យសិក្ខាកាមទាំងអស់ ក្រោយពីទទួល បាននូវ ចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ សូមប្រើប្រាស់ប្រកបដោយវិជ្ជាជីវៈ ដើម្បីជួយឱ្យគុនខ្មែរកាន់តែរីកចំរើន។

សូមបញ្ជាក់ថា វគ្គបំប៉នដល់មន្ត្រីគ្រប់គ្រងការប្រកួត អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរថ្ងៃនេះ មានសិក្ខាកាម ចូលរួមសរុបមានចំនួន១៨០នាក់ និងនារីមានចំនួន១៤នាក់ ក្នុងនោះមានគ្រូបង្គោលដែលមានបទពិសោធ ផ្នែកកីឡាជាច្រើនឆ្នាំ មានចំនួន០១រូប និងគ្រូឧទ្ទេសដែលមានជំនាញកីឡាច្បាស់លាស់ចំនួន៣រូប ក្នុងការ ធ្វើបទបង្ហាញនិងបង្រៀនក្នុងវគ្គបណ្តុះបណ្តាលនេះ។ វគ្គបំប៉ន មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ជាថវិកាគាំទ្ររបស់ក្រសួង អប់រំ យុវជន និងកីឡា ឆ្នាំ២០២៤ ដែលមាន ៣៥% សម្រាប់ការងារបណ្តុះបណ្តាល ៤៥% សម្រាប់រៀបចំ ការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ និង២០%សម្រាប់ការងាររដ្ឋបាល៕

រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner