ឯកឧត្តម ថេង ច័ន្ទសង្វារ ៖ វគ្គបណ្តុះបណ្តាល នយោបាយឈ្នះ-ឈ្នះ ឱ្យយុវជនបក្សកាន់តែស៊ីជម្រៅពីគុណតម្លៃ នៃសន្តិភាព
(ភ្នំពេញ)៖ ឯកឧត្តម ថេង ច័ន្ទសង្វារ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល ស្តីពី នយោបាយឈ្នះ-ឈ្នះ បានឱ្យយុវជនគណបក្ស យល់ដឹងកាន់តែស៊ីជម្រៅអំពីគុណតម្លៃដ៏វិសេសវិសាលនៃសន្តិភាព ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី“នយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា” ជូនដល់សមាជិក សមាជិកា យុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ និងជំនួយការផ្នែក្រសួង-ស្ថាប័ន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅវិមាន៧មករា ។
វគ្គអប់រំនេះ ត្រូវទទួលបានកិត្តិយសពី ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ធ្វើជាគ្រូឧទ្ទេសដោយផ្ទាល់ ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសិក្ខាកាម សរុបចំនួន ១៥៧នាក់ ស្រី ២៦នាក់។
លោកជំទាវ ឧត្តមសេនីយ៍ឯក ណឹម សុវត្តី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកអង្គភាពសេនាតេជោ បានលើកឡើងថា វគ្គអប់រំស្តីពីនយាបាយឈ្នះ-ឈ្នះ ប្រព្រឹត្តទៅយ៉ាងរលូន ក្នុងស្មារតីភាតរភាព សាមគ្គីភាព និងប្រកបដោយការទទួលខុសត្រូវ ។ វគ្គអប់រំក្នុងរយៈពេល១ថ្ងៃកន្លះ រួមមានកម្មវិធីសំខាន់ចំនួនពីរ ៖ ១. ការធ្វើបទឧទ្ទេសនាមស្តីពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ២. ទស្សនកិច្ចសិក្សា ស្តាប់បទឧទ្ទេសនាម និងការពិភាក្សា នៅវិមានឈ្នះ ឈ្នះ សួនតេជាសន្តិភាព និងសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះ ឈ្នះ ដែលត្រូវបានធ្វើបទឧទ្ទេសនាមដោយវាគ្មិនជំនាញពីក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ និងអង្គភាពសេនាតេជោនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស ។
ជាមួយគ្នានេះ ឯកឧត្តម ថេង ច័ន្ទសង្វារ បានអបអរសាទរចំពោះលទ្ធផលដ៏ល្អរបស់វគ្គបណ្តុះបណ្តាល ជាពិសេសសិក្ខាកាមគ្រប់រូប បានយល់ដឹងកាន់តែស៊ីជម្រៅអំពីគុណតម្លៃដ៏វិសេសវិសាលនៃសន្តិភាពដែលសម្រេចបានតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក ព្រមទាំងបទពិសោធន៍មិនអាចកាត់ថ្លៃបានរបស់ប្រតិបត្តិករ ដែលបាននាំមកនូវមហាជោគជ័យដ៏ត្រចះត្រចង់ជូនជាតិ គឺ សន្តិភាព និង ការឯកភាពជាតិពេញលេញ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាង ៥០០ឆ្នាំ នៅលើទឹកដីអង្គរនៃយើង។ កត្តាដែលធ្វើឱ្យវគ្គបណ្តុះបណ្តាល ទទួលបានលទ្ធផលដូចនេះ គឺដោយសារ ៖
១. មានការដឹកនាំដ៏ត្រឹមត្រូវរបស់យុវជនគណបក្សថ្នាក់កណ្តាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន ដែលសម្តេចតែងតែផ្តល់អាទិភាពខ្ពស់លើការអប់រំបណ្តុះបណ្តាលធនធានមនុស្សរបសគណបក្ស
២.ការយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តរបស់គ្រូឧទ្ទេសនាម ជាពិសេស ឯកឧត្តម ណឹម សុវត្ថិ ដោយផ្ទាល់ ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗដល់វគ្គ
៣.ការយកចិត្តទុកដាក់របស់សិក្ខាកាមគ្រប់រូបក្នុងការរៀនសូត្រ ការគោរពវិន័យរបស់វគ្គ និងរឹតចំណងសាមគ្គីភាពរវាងគ្នា ក្នុងស្មារតីខិតខំកសាងខ្លួនជាមន្ត្រីបន្តវេនដ៏ល្អរបស់គណបក្ស
៤.ការខិតខំរបស់ផ្នែកក្រសួង-ស្ថាប័ន ព្រមទាំងក្រុមការងារទាំងអស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។ ឯកឧត្តមគណៈអធិបតី បានលើកទឹកចិត្តឱ្យផ្នែកក្រសួងស្ថាប័ន បន្តរៀបចំវគ្គបណ្តុះបណ្តាលនេះជូនដល់សមាជិកយុវជនគណបក្សតាមក្រសួង ស្ថាប័នជាបន្តទៀត។
គួរបញ្ជាក់ផងដែរថា ៖ វគ្គបណ្តុះបណ្តាលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ៕
ដោយ / គ្រី សម្បត្តិ