សាងសង់ទ្វារទឹកនៅស្រុកថ្មពួក ដើម្បីកាត់បន្ថយការជន់​លិច​និង​កង្វះទឹកប្រើប្រាស់

បន្ទាយមានជ័យ៖ ក្នុងគោលបំណងកាត់បន្ថយការជន់​លិចដំណាំ​កសិកម្ម និងកង្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាស្រុកជាប់ព្រំដែនជាមួយ​ប្រទេសថៃ សំណង់ទ្វារទឹកមួយកន្លែងស្ថិតនៅចំណុចត្រពាំងធំ ឃុំភូមិថ្មី ស្រុកថ្មពួក​​ ត្រូវបានបើកការដ្ឋានកាលពីព្រឹកថ្ងៃទី ២៩​ខែកក្កដា​ឆ្នាំ២០២៤។

ទាក់ទងនឹងសំណង់ធារាសាស្រ្តមួយនេះ លោក យ៉ង់ យឺន ប្រធាន​ក្រុមប្រឹក្សាស្រុកថ្មពួក បានរំលឹកថា ពី​អតីតកាលក្នុងរបប​ខ្មែរ​ក្រហម​ ទីនេះ​ជា​ទំនប់ប្រឡាយធ្វើមិនទាន់រួចរាល់ ហើយ​ប្រទេសជាតិ​ត្រូវបាន​រំដោះ​នាថ្ងៃទី៧ មករាឆ្នាំ១៩៧៩។ទីនេះមានផ្ទៃដី​​ស្រែធំល្វឹងល្វើយ។ជាមុខទឹកធំតែពុំមាន​ទ្វារទឹក ជាហេតុធ្វើឱ្យជន់លិច ភូមិឋាន ដំណាំស្រូវ ដំណាំនានា នៅតំបន់នេះនារដូវវស្សា ។ ប៉ុន្តែរដូវប្រាំងជួបបញ្ហាខ្វះ​ទឹកប្រើប្រាស់ទៅវិញ ហេតុនេះទើបសាងសង់ទ្វារទឹកនេះឡើង។ ចំណែកលោក ម៉ៅ ស៊ី ប្រធានក្រុមការងារសំណង់ទ្វារទឹកភ្លោះឬទ្វារពីរ នេះមានទំហំមាត់ទ្វារ១០ម៉ែត្រ និងបណ្ដោយ២៥មែត្រ ។

រដ្ឋបាលស្រុកថ្មពួក រំពឹងថា បន្ទាប់ពីសំណង់ទ្វារទឹកនេះសាងសង់រួច​រាល់នឹងជួយដល់ការបង្កបង្កើនផល ការរស់នៅរបស់ប្រជាពល​រដ្ឋក្នុងតំបន់នេះ៕ ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner