ឯកឧត្តម អ៊ុន វិសិទ្ធគុន ៖ ការលើកឡើងរបស់ជនក្បត់ជាតិ ៣ជំនាន់ គឺជាការញុះញង់បំបែកបំបាក់ជាតិ
ភ្នំពេញ៖ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានឱ្យដឹងថា ការលើកឡើងរបស់ជនក្បត់ជាតិ ៣ជំនាន់ ចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម តាមវិទ្យុបរទេសក្រៅស្រុក គឺជាការបរាជ័យ និងគ្មានអ្នកគាំទ្រ។ អ្វីដែលជនក្បត់ជាតិរូបនេះលើកឡើង គឺជាការញុះញង់ឱ្យកម្ពុជាឈ្លោះគ្នា ព្រមទាំងចោទប្រកាន់មកលើសម្តេចតេជោ ហ៊ុន សែន គឺជារឿងមិនត្រឹមត្រូវនោះទេ។ ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបន្តថា តាមការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងច្បាស់ៗ ជូនដល់ប្រជាពលរដ្ឋ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម បានរៀបចំផ្តួចផ្តើមឡើងតាំងពីឆ្នាំ១៩៩៩ មកដលបច្ចុប្បន្ននេះមានរយ:ពេល២៥ឆ្នាំហើយ មិនមែនទើបតែមានឥឡូវនេះទេ។ បើទឹកដីកម្ពុជាបាត់ គឺបាត់យូរហើយ។
ឯកឧត្តមបានបន្តទៀតថា ការបកស្រាយរបស់អ្នកនយោបាយក្រៅប្រទេសមួយចំនួន គឺញុះញង់ឱ្យកម្ពុជាឈ្លោះគ្នា មិនមែនបកស្រាយអោយរីកចំរើន បកស្រាយជានពន្លិចតែម្តង។ ការបកស្រាយរបស់ជនក្បត់ជាតិរូបនេះ គឺបរាជ័យដែលគ្មានអ្នកគាំទ្រ សូមប្រជាពលដ្ឋកុំជឿតាមការញុះញង់របស់ជនក្បត់ជាតិ ៣ជំនាន់ ពីព្រោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម គឺមានការជួបប្រជុំគ្នារវាងប្រទេស និងប្រទេសចំនួន១១លើករួចមកហើយ។ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ កម្ពុជាជាប្រធានកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម ថែមទៀតផង។ សុំជនក្បត់ជាតិពិចារណាផង កុំចេះតែចោទមកលើកម្ពុជា និងលាបពណ៌មកលើសម្តេចតេជោ ហ៊ុន សែន ពីព្រោះសម្តេចតេជោខិតខំដឹកនាំប្រទេសជាតិអោយមានការរីកចំរើនមកទល់បច្ចុប្បន្ននេះ។ ខ្លួនឯងនៅក្រៅប្រទេសហើយចោទប្រកាន់រដ្ឋាភិបាលរហូត។ ជាមួយគ្នានេះ ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការលាបពណ៌ និងចោទប្រកាន់របស់ជនក្បត់ជាតិ ៣ជំនាន់ គឺគ្មានការកាត់ខេត្ត៤ ទៅឱ្យប្រទេសវៀតណាមនោះទេ ហើយការចោទប្រកាន់របស់ជនក្បត់ជាតិ គឺជារឿងមិនពិតនះទេ។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានថ្លែងសារពិសេសពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្រោយមានការញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។ តាមរយៈសារពិសេសសម្តេចតេជោ បានទាត់ចោលចំពោះការចោទប្រកាន់ថា កម្ពុជាចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីខ្មែរទៅក្នុងដីរបស់វៀតណាម តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ។ សម្តេចតេជោ បញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមិនបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជាទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ៕
ដោយ៖ពលជ័យ