អភិបាលខេត្តស្វាយរៀងណែនាំដល់មន្ទីរពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើផ្លូវខូច

ស្វាយរៀង៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរអភិវឌ្ឍន៍​ជនបទ ព្រមទាំងអាជ្ញាធរក្រុងស្រុក រាល់ផ្លូវដែលមានការខូចខាតត្រូវ​ជួសជុលដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជា​ពលរដ្ឋ។

ការណែនាំបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់​រដ្ឋបាល​ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ២៩ ខែកក្កដាឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅមួយ​ចំនួនក្នុងនោះត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្ត។​បន្តអនុវត្ត​វិធានការច្បាប់បង្ក្រាបក្មេងទំនើងគ្រប់ប្រភេទ​ដែលបង្ក​អសន្តិសុខ​នៅក្នុង​មូលដ្ឋាន ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់​សម្តេចធិបតី​នាយករដ្ឋមន្ត្រី។បន្តការយកចិត្តទុកដាក់តាមដាន និងបង្ក្រាបល្បែង​អនឡាញ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមាន​នៅក្នុងមូលដ្ឋាន។បន្តតាមការយកចិត្តទុកដាក់តាមដាន​ទៅលើ​បញ្ហាគ្រោះថ្នាក់ដោយធម្មជាតិផ្សេងៗដូចជា ខ្យល់កន្ត្រាក់ រលំផ្ទះ ទឹកជំនន់ និងការជនលិចផលដំណាំរបស់ប្រជាពលរដ្ឋ​ជាដើម​ក្នុងករណីដែលកើតមានឡើងជាយថាហេតុ ត្រូវចុះជួយ​ឱ្យបានទាន់​ពេលវេលា។មន្ទីររៀបចំដែនដី និងអាជ្ញាធរក្រុង-ស្រុកទាំងអស់​ត្រូវពិនិត្យតាមដានរាល់ការសាងសង់សំណង់រឹងផ្សេងៗត្រូវមានច្បាប់អនុញ្ញាតឱ្យបានត្រូវមុនដំណើរការសាងសង់។

ឯកឧត្តមណែនាំទៀតថាសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញ​ការពាក់មួកសុវត្ថិភាព និងការរៀបស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់​គ្រាន់នៅតាមដងផ្លូវ ៕
ដោយ៖នុត នាង

ads banner