ប្រទះឃើញសាកសពអាកាសយានិកម្នាក់ ក្រោយពេលរកឃើញឧទ្ធម្ភាគចក្រ Z9 ដែលបាត់ដំណឹង១៧ថ្ងៃ (Video Inside)

ឧទ្ធម្ភាគចក្រ Z9 ដែលបានបាត់ការទាក់ទងរយៈពេល១៧ថ្ងៃនោះ ត្រូវបានរកឃើញហើយ ខណៈមានសេចក្តីរាយការណ៍ការរកឃើញសាកសពមនុស្សម្នាក់ផងដែរ ស្ថិតនៅលើខ្នងភ្នំយ៉ាវយ៉ៃ នៃកន្លែងដែលផ្កាយរណបបានផ្តល់សញ្ញារួចមកនោះ។

ភ្នំយ៉ាវយ៉ៃ គឺជាភ្នំដែលមានកំពស់ ១ពាន់ ២៤០ម៉ែត្រ ស្ថិតនៅចន្លោះអូរសោម នៃឃុំថ្មដា ស្រុកវាលវែង។ ការវិភាគតាមរលកសញ្ញាផ្កាយរណប បានផ្តល់សញ្ញាតម្រុយមុននេះ បញ្ជាក់ថាភ្នំយ៉ាវយ៉ៃ គឺជាភ្នំមួយមួយក្នុងចំណោមភ្នំបី ដែលជាកន្លែងផ្តល់សញ្ញា តាមរយៈផ្កាយរណបបញ្ជាក់ការបាត់ទំនាក់ទំនង។ ភ្នំ២ផ្សេងទៀតក្បែរនោះ គឺភ្នំខ្មោចកម្ពស់ ១ពាន់ ៧១៧ម៉ែត្រ និងភ្នំព្រះ កម្ពស់ ១ពាន់ ៥០០ម៉ែត្រ ដែលសុទ្ធតែជាតំបន់មានព្រៃក្រាស់។

អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា កងកម្លាំងថ្មើរជើង កំពុងធ្វើដំណើរទៅកាន់គោលដៅ ដើម្បីជួយសង្គ្រោះមនុស្សដែលបាត់ខ្លួន គឺលោក ស៊ុន ផ្លា ដែលជាប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។

ឧទ្ធម្ភាគចក្រ Z9-MH-912 បានបាត់តាំងពីរសៀលថ្ងៃទី១២កក្កដា ក្នុងពេលកំពុងហោះហ្វឹកហ្វឺន ដែលគិតមកទល់នឹងពេលនេះ មានរយៈពេល១៧ថ្ងៃហើយ។ សេចក្តីរាយការណ៍តាមបណ្តាញសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា សាកសពម្នាក់ ដែលគេបានរកឃើញនៅក្បែរកន្លែងធ្លាក់នោះ គឺជាសាកសពរបស់អាកាសយានិក លោក ខេង ឆៃយុទ្ធ។

ads banner