សម្តេចធិបតីបង្កើនចំណាត់ការបង្ក្រាបក្រុមក្មេងទំនើងម៉ូតូហោះ (Video Inside)

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាបង្កើនចំណាត់ការក្តៅជាបន្ថែមទៀត ចំពោះក្មេងទំនើងដែលជិះម៉ូតូបង្ហោះ។

គួរបញ្ជាក់ថាកន្លងមក ក្នុងការបង្ក្រាបក្រុមជិះម៉ូតូហោះនេះ សមត្ថកិច្ចគ្រាន់តែបានឃាត់ខ្លួន ក្មេងដែលបង្ហោះម៉ូតូទាំងនោះ មកអប់រំ និងបានកោះហៅឱពុក ម្តាយ ឬអ្នកអាណាព្យាបាល របស់ពួកគេមកទទួល និងការធ្វើលិខិតសន្យារាងចាល ប៉ុន្តែមិនបានឃាត់ទុកម៉ូតូទុកឡើយ។

ចំពោះចំណាត់ការក្តៅលើកនេះវិញ, ម៉ូតូរបស់ក្មេងទំនើង នឹងត្រូវឃាត់ទុករយៈពេល៣ខែ ក្នុងបទល្មើសលើកទី១ និងឃាត់ទុកដល់ ៦ខែ ចំពោះបទល្មើសដដែលជាលើកទី២។ ប្រសាសន៍ដាក់បទបញ្ជាបង្កើនចំណាត់ការក្តៅដល់ក្មេងទំនើងជិះម៉ូតូបង្ហោះនេះ បានធ្វើតាមរយៈសារសម្លេងថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៤។

ក្រុមក្មេងជិះម៉ូតូហោះ គឺជាផ្នែកមួយនៃក្រុមក្មេងទំនើងទូទៅ ដែលជាក្រុមភាគច្រើនមានប្រភព មកពីការមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន។ ក្រុមក្មេងទំនើងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍បង្កការភ័យខ្លាចដល់ពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៤ បានដាក់ចេញនូវបទបញ្ជាបង្ក្រាបករណីក្មេងទំនើងទាំងនេះ ឱ្យស្អាតជ្រះស្រឡះ ចេញពីមូលដ្ឋាន និងពីសហគមន៍ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។

មន្ត្រីនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានថ្លែងថា រវាងពីថ្ងៃទី២៣ឧសភា ដល់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២៤, ក្មេងទំនើងដែលបង្ក្រាបបានមានសរុប ១ពាន់ ៥០៦នាក់ ក្នុងនោះបានបញ្ជូនទៅតុលាការចំនួន ៨៥៥នាក់, ចំណែក ៦៥១នាក់ទៀត ត្រូវបានអនុវត្តតាមវិធានការរដ្ឋបាល គឺអប់រំ, ណែនាំ, ធ្វើកិច្ចសន្យា និងមានមាតាបិតា ឬអ្នកអាណាព្យាបាលមកធានា ដើម្បីវិលត្រឡប់ទៅផ្ទះសម្បែងវិញ និងឈប់ប្រព្រឹត្តអំពើទាំងនោះចោលចេញ។

ads banner