ក្រសួងធនធានទឹកជូនដំណឹងពលរដ្ឋប្រុងប្រយ័ត្នការអាចលិចស្ទឹងចំនួន៩ (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឱ្យពលរដ្ឋដែលស្ថិតនៅតាមដងស្ទឹងចំនួន ៩ ត្រូវប្រុងប្រយត្ន័ការលិចនូវជំនន់ទឹកភ្លៀង ខណៈភ្លៀងនឹងបន្តធ្លាក់មកជាច្រើនថែមទៀត។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី២៩កក្កដា, កម្ពុជានៅតែបន្តរងឥទ្ធិពលព្យុះ និងប្រព័ន្ធវិសម្ពាធទាប ដែលបានកើតឡើង និងកំពុងស្ថិតលើតំបន់ និងផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ និងទន្លេសាប។ ឥទ្ធិពលនៃការធ្លាក់ភ្លៀងនោះ នឹងបារម្ភស្ទឹងចំនួន ៩ ដែលខ្លះលើសកម្ពស់ប្រកាសអាសន្ន និងខ្លះជិតដល់កម្រិតប្រកាសអាសន្នត្រូវប្រុងប្រយ័ត្ន។

ស្ទឹងទាំង៩នោះ គឺស្ទឹងសែន ក្នុងខេត្តព្រះវិហារ, ស្ទឹងសែន ក្នុងខេត្តកំពង់ធំ, ស្ទឹងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ស្ទឹងសង្កែ នៅក្នុងអាងសេកសក និងស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង, ស្ទឹងដូនទ្រី, ស្ទឹងស្រែង, ស្ទឹងសៀមរាប និងស្ទឹងស្ទោង។

នៅថ្ងៃទី២៩កក្កដានេះផងដែរ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើកិច្ចប្រជុំតាមប្រព័ន្ធ zoom ជាបន្ទាន់មួយផងដែរ ដើម្បីដាស់តឿនមន្ត្រីក្រោមបង្គាប់ ក្នុងរាជធានីខេត្ត ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក្នុងតំបន់ដែលរងហានិភ័យពីជំនន់ទឹកភ្លៀង និងជួយពួកគេមានការស្នាក់នៅ បណ្តោះអាសន្នតាមទីទួលមានសុវត្ថិភាព។

ads banner