សមត្ថកិច្ចបញ្ចេញមុខលើកដំបូង ការចាប់ខ្លួនមន្ត្រីនគរបាលជាប់ពាក់ព័ន្ធគ្រឿងញៀន (Video Inside)
មេប៉ុស្តិ៍រដ្ឋបាលឃុំអ្នកលឿង និងបក្ខពួកចំនួន ៨នាក់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានឃុំខ្លួន ដើម្បីរង់ចាំការកាត់ទោស ខណៈក្រសួងមហាផ្ទៃបានប្តេជ្ញាស្រាវជ្រាវ និងចាប់ខ្លួនមន្ត្រីអនុវត្តច្បាប់ណា ដែលជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់នេះ។
មេប៉ុស្តិ៍រដ្ឋបាលឈ្មោះ យ៉ែម រ៉ាន់យ៉ា អាយុ ៤២ឆ្នាំ បានរងបទចោទប្រកាន់ «ជួញដូរ, ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចហាង KTV ផ្កាកុលាប ស្ថិតនៅភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង» កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៤។
ការចាប់ខ្លួននេះ បានធ្វើមួយថ្ងៃបន្ទាប់ពីមានការប្តេជ្ញាចិត្តរបស់អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ដែលបានថ្លែងក្នុងវេទិកាពិភាក្សាមួយ កាលពីថ្ងៃទី២២កក្កដា។
លោក មាស វិរិទ្ធ បានបញ្ជាក់ថា ពិតជាមានមន្ត្រីអនុវត្តច្បាប់ខ្លះ បានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងលោកថែមទាំងបង្ហើបឱ្យដឹងដែរថា មានទាំងថ្នាក់ឧត្តមសេនីយ៍ផងដែរ។ មន្ត្រីអាជ្ញាធរជាតិបានបញ្ជាក់ការប្តេជ្ញាចិត្ត ការចាប់ខ្លួន និងបញ្ជូនអ្នកប្រព្រឹត្តទាំងនោះ ទៅតុលាការ ដើម្បីផ្តន្ទាទោសទាំងអស់ ដោយគ្មានការលើកលែងឡើយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា នៅក្នុងខែកក្កដានេះ ធ្លាប់បានមានប្រសាសន៍ថា មានមន្ត្រីថ្នាក់ដឹកនាំដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនជាង ២០គីឡូក្រាម ពីវៀតណាមចូលមកកម្ពុជា។ លោករដ្ឋមន្ត្រីបានបញ្ជាឱ្យមានការស្រាវជ្រាវរកឱ្យឃើញ មន្ត្រីថ្នាក់ដឹកនាំរូបនោះ ដើម្បីធ្វើការដាក់ទោសតាមច្បាប់។