ផ្អាកការងារប្រធានគុកខេត្តស្ទឹងត្រែង ក្រោយការផ្សាយសារព័ត៌មានក្នុងស្រុក សង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្ស (Video Inside)

ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ដែលទើបឡើងកាន់តំណែងប្រមាណ ២ខែ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន។

លោក លឹម វាសនា ដែលផ្លាស់ពីប្រធានពន្ធនាគារ ខេត្តប៉ៃលិន ក្នុងខែឧសភា និងទើបបានប្រកាសឡើងកាន់តំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែងថ្មី នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២៤ ត្រូវបានផ្អាកការងារតាមរយៈសេចក្តីប្រកាសមួយ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤កក្កដា ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។

អនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង លោក សាត់ ភី ត្រូវបានតែងតាំងជាប្រធានស្តីទីជំនួស។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើការផ្អាកតំណែងជាប្រធាននោះ គឺដោយសារមានមូលហេតុអ្វីទេ។

ប៉ុន្តែការផ្អាកតួនាទីនេះ បានកើតឡើងក្រោយមានសេចក្តីរាយការណ៍ ពីសារព័ត៌មានក្នុងស្រុក ក្នុងពីខែមិថុនា ដែលបាននិយាយថា លោក លឹម វាសនា នោះ មានឈ្មោះដើម គឺ គួន វាសនា ដែលជាអតីតមន្ត្រីនគរបាលខេត្តកំពង់ធំ និងធ្លាប់ជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស នៅក្នុងខេត្តកំពង់ធំ ឆ្នាំ១៩៩៨ និងក៏ធ្លាប់ត្រូវបានតុលាការ ចេញដីកាតាមចាប់ខ្លួន កាលពីឆ្នាំ២០០០កន្លងមកផងដែរ។

ads banner