សត្វខ្លាធំបួនក្បាលពីឥណ្ឌា នឹងព្រលែងឱ្យរស់នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ (Video Inside)
សត្វខ្លាធំ ឬខ្លាដំបងចំនួន ៤ក្បាល ពីប្រទេសឥណ្ឌា នឹងត្រូវបញ្ជូនមកដល់កម្ពុជា នាចុងឆ្នាំ២០២៤នេះហើយ។
ក្រសួងបរិស្ថាន, ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់អំពីការបញ្ជូនសត្វខ្លាទាំងបួនក្បាលនេះ ទៅឧទ្យានជាតិជួរភ្នំក្រវាញ នៅក្នុងពិធីមួយនារាជធានីភ្នំពេញ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជា សំអាង បានឲ្យដឹងថា សត្វខ្លាធំទាំង ៤ក្បាល ដែលនឹងមកដល់ចុងឆ្នាំនេះ រួមមានសត្វខ្លាញី ៣ក្បាល និងឈ្មោលមួយក្បាល។
លោកបានបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានរៀបចំដីព្រៃទំហំ ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក, ទ្រុងដែក, អាងទឹក និងសត្វព្រៃសម្រាប់ជាចំណី សម្រាប់បន្ស៊ាំសត្វខ្លាធំទាំងបួននោះថែមទៀត។
គម្រោងស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជានេះ ត្រូវបានបង្កើតឡើងបន្ទាប់ពីបាត់វត្តមានសត្វខ្លាទាំងនេះចេញពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោកគេប៉ាន់ប្រមាណថា ចំនួនសត្វខ្លាធំ នៅសេសសល់នៅមានប្រមាណ ៣ពាន់ ២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% បើធៀបនឹងចំនួនរបស់វា ធ្លាប់មានវត្តមានក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល ១០ម៉ឺនក្បាល នៅក្នុងពិភពលោកនោះ៕