ឯកឧត្តម នេត្រ ភក្ត្រា ៖ គម្រោង “ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ” គឺមានសារៈសំខាន់ក្នុងការជួយជ្រោមជ្រែងឱ្យអ្នកសារព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា ការចាប់ផ្តើមគម្រោង “ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ” គឺមានសារៈសំខាន់ក្នុងការជួយជ្រោមជ្រែងឱ្យអ្នកសារព័ត៌មាន ដើរតួនាទីឈានមុខមួយក្នុងការបង្ការជំងឺឆ្លងតាមរយៈការធ្វើជាអ្នកនាំសារ រវាងអ្នកវិទ្យាសាស្ត្រ អ្នកធ្វើការសម្រេចចិត្ត សង្គមស៊ីវិល និងប្រជាជន។ទន្ទឹមនេះ យុទ្ធសាស្ត្រនៃការបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ដើម្បីស្វែងយល់ពីភាពស្មុគស្មាញនៃបញ្ហាសុខភាព និងបរិស្ថាន ហើយសរសេរព័ត៌មានក្នុងលក្ខណៈសាមញ្ញងាយស្រួលយល់ សម្រាប់សាធារណជនទូទៅ គឺស្របនឹងយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ដែលតែងតែប្រកាន់នូវគោលការណ៍ ខ្លី ខ្លឹម ខ្លាំង ។
ការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាបើកដំណើរការគម្រោង “ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់សុខភាពតែមួយ” MEDAI FOR ONE HEALTH រៀបចំឡើងដោយ ភ្នាក់ងារអភិវឌ្ឍន៍ប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសបារាំង CFI ដែលជាប្រតិបត្តិការក្រសួងអឺរ៉ុប និងបរទេសបារាំង ទទួលបន្ទុកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារ Sun Way ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ្សាក់ ប៉ឺឡេ ( Jacques PELLET) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងមានអ្នកសារព័ត៌មានមកពីប្រទេសឡាវ វៀតណាម ហ្វីលីពីន និងអ្នកសារព័ត៌មានកម្ពុជា ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈផ្នែកប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឱ្យបានយល់ដឹងកាន់តែច្បាស់អំពីវិធីសាស្រ្ត វិទ្យាសាស្រ្តសុខភាពតែមួយនាពេលនេះ។ បច្ចុប្បន្នសារព័ត៌មានបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសុខភាពសាធារណៈ ហើយតួនាទីនេះបានឆ្លុះបញ្ចាំងកាន់តែច្បាស់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈការលេច ឡើងនូវជំងឺរាតត្បាតថ្មីៗ ដូចជាជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀតដែលកើតឡើងចំពោះមនុស្ស សត្វ ដែលមានជាប់ពាក់ព័ន្ធនឹង ការប្រែប្រួល ធាតុអាកាស ឬការប៉ះពាល់បរិស្ថាន។ ឯកឧត្តម រដ្ឋមន្ត្រី មានជំនឿជឿជាក់យ៉ាងមុតមាំថា គម្រោងថ្មីនេះនឹងជួយឱ្យអ្នកសារព័ត៌មាន មានការយល់ដឹងកាន់តែល្អអំពីយន្តការ “សុខភាពតែមួយ” ហើយក៏ទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗទៀតបន្ថែមទៀត ដើម្បីយកទៅប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ជាប្រយោជន៍សម្រាប់សាធារណជន ។
បើតាមរបាយការណ៍របស់ទីភ្នាក់ងារ CFI ចាប់តាំងពីឆ្នាំ ២០១៨ មក CFI បានធ្វើកិច្ចសហការប្រកបដោយផ្លែផ្កាជាច្រើននៅកម្ពុជា តាមរយៈគម្រោងនានាដូចជា គម្រោងតភ្ជាប់ជនបទ (Rural Connections) និងគម្រោងព័ត៌មានចីរភាពមេគង្គ (Mekong Sustainable News) ដែលបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែប្រសើរអំពីវិស័យកសិកម្ម សុខភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា









