ឧត្តមសេនីយ៍ឯក សំ ចាន់ធួន ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធទៅនិ ងផែនការគ្រោងផ្ទេរយោធិនចូលនិវត្តន៍ឆ្នាំ២០២៥ និងយន្តការនៃការបញ្ជូនសំណុំឯកសារ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការគោលនយោបាយយោធិន ពលី មរណៈ បង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំ ស្តីអំពី ផែនការ គ្រោងផ្ទេរយោធិនចូលនិវត្តន៍ឆ្នាំ២០២៥ និងយន្តការ នៃការបញ្ជូន សំណុំឯកសារសោធននិវត្តន៍ រវាង ក្រសួងការពារជាតិ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកមូលនិធិជំនួយសង្គម ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានគូសបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា កម្រិតបច្ចេកទេសនេះ គឺភាក្សាដើម្បីរួមគ្នាអនុវត្តឱ្យបានជាក់ស្តែងលើខ្លឹមសារ ផែនការ គ្រោងផ្ទេរយោធិនចូលនិវត្តន៍ឆ្នាំ២០២៥ និង យន្តការ នៃការបញ្ជូនសំណឯកសារយោធិនចូលនិវត្តន៍ រវាង ក្រសួងការពារជាតិ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធ្វើយ៉ាងណា ឲ្យបានលឿន រហ័ស និងត្រឹមត្រូវ ទៅតាមនិតិវិធីនៃច្បាប់ ពិសេសជួយបង្កលក្ខណៈងាយស្រួល រវាងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ របស់ក្រសួងទាំងពីរ សម្រេចបានផ្លែផ្កា និងសំដៅ រក្សាឲ្យបាននូវ ប្រក្រតីភាពការងារ និងនិរន្តរភាព ស្របតាមផែនការណ៍ អនុវត្តរបស់ក្រសួងការពារជាតិ។
ឯកឧត្តមបានបន្តទៀតថា រាល់សមិទ្ធផលការងារទាំងនេះ ស្ដែងឲ្យឃើញ នៅកិច្ចខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈ និងការប្ដេជ្ញាចិត្តរួមគ្នា របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងការពារជាតិ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកែទម្រង់និងលើកកម្ពស់ជីវភាពរបស់យោធិនក្រោយផ្ទេរចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរៈភូមិន្ទ ឱ្យមានភាពរីកចម្រើននិងល្អប្រសើរបន្ថែមទៀត ។
ឯកឧត្តម សំ ចាន់ធួន សង្ឃឹមយ៉ាងមុតមាំថា ក្រោយកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស រវាងក្រសួងការពារជាតិ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានេះចប់ទៅ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ និងទទួលបានជោគជ័យ លើកិច្ចការងារ ក្នុងការផ្ទេរយោធិនសោធននិវត្តន៍ និងយន្តការនៃការបញ្ជូនសំណុំឯកសារយោធិនចូលនិវត្តន៍ នឹងសម្រេចបានប្រកបដោយ មោទនភាព ៕
ដោយ ៖ ង៉ាន់ ទិត្យ