សម្តេចរដ្ឋសភាធិបតី ៖ ផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដូចគ្នានឹងគោលនយោបាយរបស់សាធារណរដ្ឋកូរ៉េ នៅពេលផ្តើមអភិវឌ្ឍប្រទេសជាតិ
ភ្នំពេញ៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េគ្រប់ជំនាន់ បានខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរ ឱ្យមានការរីកចម្រើនជាលំដាប់ ឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ត ហើយទំនាក់ទំនងដ៏ល្អនេះ បានបន្តថែរក្សា ពូនជ្រំ ដោយឥស្សរជនបន្តវេនរបស់កម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧ ដែលពោរពេញដោយថាមពល ចំណេះដឹង និងសីលធម៌ខ្ពស់ ។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ឆុល អ៊ូ (Lee Cheol Woo) អភិបាលខេត្ត ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្តេចរដ្ឋសភាធិបតី បានរំឭកថា ខេត្តឃ្យុងសាងប៊ុកដូ មានការចម្រើនខ្លំាងហើយមានវប្បធម៌សម្បូរបែប គួរឱ្យស្ញប់ស្ញែងបំផុត។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ខេត្តឃ្យុងសាងប៊ុកដូ នៅកម្ពុជា និងអបអរសាទរចំពោះការចងសម្ព័ន្ធមេត្រីជាមួយខេត្តកំពង់ធំរបស់កម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជាច្រើនទៀតជូនពលរដ្ឋទំាងសងខាង។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ របស់កម្ពុជា បានផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស គឺដូចគ្នាទៅនឹង គោលនយោបាយអាទិភាពរបស់សាធារណរដ្ឋកូរ៉េ ដែលបានផ្តោតលើការអភិវឌ្ឍធនធានមនុស្ស បន្ទាប់ពីបានងើបចេញពីសង្រ្គាម ហើយបានធ្វើឱ្យប្រទេសនេះសម្រេចបាននូវការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ឯកឧត្តម លី ឆុល អ៊ូ បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានអបអរសាទរ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានជ្រើសតំាងជាប្រធានរដ្ឋសភា។ ឯកឧត្តមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាពេលនេះ ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងខេត្តឃ្យុងសាងប៊ុកដូ និងខេត្តកំពង់ធំ។
ឯកឧត្តមបានលើកឡើងថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ មានប្រវត្តិសាស្រ្ត វប្បធម៌ និងបេតិកភណ្ឌបុរាណប្រហាក់ប្រហែលគ្នា ដែលអាចឱ្យប្រទេសទំាងពីរ រួមសហការគ្នាលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងកសិកម្មទំនើប។
ឯកឧត្តមប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនរបស់កម្ពុជា និងបានអរគុណកម្ពុជា ដែលបានជួយគំាទ្រសាធារណរដ្ឋកូរ៉េ ពីអតីតកាលនៅពេលដែលសាធារណរដ្ឋកូរ៉េ ឆ្លងកាត់សង្រ្គាម ដែលកាលនោះកម្ពុជាជាប្រទេសអភិវឌ្ឍន៍មួយ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សហមេត្រី ដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានជូនឯកឧត្តម លី ឆុល អ៊ូ ចំពោះកិច្ចប្រឹងប្រែងយ៉ាងខ្លាំងរបស់ឯកឧត្តម ក្នុងការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ៕
ដោយ ៖ ហេង សម្បត្តិ